Nvidia វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៥

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Nvidia ឥឡូវនេះ បានហក់ឡើងខ្ពស់ជាងក្រុមហ៊ុន Apple ប្រហែល ២០០ពាន់លានដុល្លារ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់អាមេរិក ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើលោក គិតត្រឹមដើមឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



នៅពេលបិទការជួញដូរចុងក្រោយ ត្រឹមថ្ងៃទី២២ ខែមករាកន្លងទៅ ភាគហ៊ុនរបស់ Nvidia បានកើនឡើង ៤,៤% ដែលនាំឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេ កើនឡើងដល់ ៣,៦ទ្រីលានដុល្លារ។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងត្រឹមតែ ០,៥% ប៉ុណ្ណោះ ខណ:ធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ Apple បច្ចុប្បន្នមានចំនួនត្រឹមតែជាង ៣,៣៧ទ្រីលានដុល្លារ។

គួរឲ្យដឹងផងដែរថា ជុំវិញការការកើនឡើងតម្លៃយ៉ាងខ្លាំងនេះ ត្រូវបានកើតឡើង បន្ទាប់ពី Nvidia នៅតែកាន់កាប់ចំណែកទីផ្សារដ៏លេចធ្លោ នៅក្នុងផ្នែកបន្ទះឈីប AI សកល។ នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ ក្រុមហ៊ុន Nvidia បានកត់ត្រាប្រាក់ចំណូលរបស់ខ្លួនកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមានចំនួនដល់ទៅជាង ៣៥ពាន់លានដុល្លារ។

យ៉ាងណាមិញ Apple គឺជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលឈានដល់កម្រិតខ្ពស់បំផុតនៃទីផ្សារមូលធន ១ទ្រីលានដុល្លារ, ២ទ្រីលានដុល្លារ និង ៣ទ្រីលានដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណា កាលពីឆ្នាំមុន Nvidia បានវ៉ាដាច់ Apple ដល់ទៅពីរដង ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក។

ជម្រាបជូនផងដែរថា គិតត្រឹមពេលបច្ចុប្បន្ននេះ Nvidia បានវ៉ាដាច់ Apple សារជាថ្មីម្តងទៀត ដើម្បីឡើងឈរនៅតំណែងកំពូល ស្របពេលក្រុមហ៊ុន Microsoft ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងតម្លៃមូលធនទីផ្សារជិត ៣,៣២ទ្រីលានដុល្លារ៕