ឧកញ៉ាញូស៍ សូមលើកយក ឧកញ៉ាទាំំង ០៦ នាក់នេះ សុទ្ធតែមានមុខជំនួញលើវិស័យអចលនទ្រព្យដ៍ជោគជ័យ និងមានកេរ្តិ៍ឈ្មះល្បាញល្បីពេញស្រុកខ្មែរ។
១\ឧកញ៉ា ឡេង ណាវ៉ាត់ត្រា
ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសាងភាពមានបាន តាមរយៈគម្រោងពុះដីឡូត៍ និងក្រោយមកគឺការអភិវឌ្ឍលំនៅដ្ឋានតម្លៃទាបបំផុតនៅក្នុងទីក្រុង។ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្លាប់ជាអតីតពលករនៅកូរ៉េ ជាសេដ្ឋីវ័យក្មេងដែលមានចិត្តទូលាយ ហើយតែងតែចូលរួមជួយដល់សង្គម។ ឧកញ៉ាឡេង ណាវ៉ាត់ត្រា តែងតែមានមុខនៅក្នុងការបរិច្ចាកថវិកាដល់កាកបាទក្រហម និងថ្មីៗនេះបានបរិច្ចាកថវិកា ១ លានដុល្លារ ជួយទិញវ៉ាក់សាំងកូវីដសម្រាប់ពលរដ្ឋកម្ពុជា។
សេដ្ឋីវ័យក្មេងម្នាក់នេះ ក៏ជាអ្នកចូលចិត្តវិស័យសិល្បៈ ហើយធ្លាប់បោះទុនវិនិយោគលើការផលិតខ្សែភាពយន្តជាហូហែរ។ ភ្ញាក់ផ្អើលបំផុតនោះគឹការនាំតារាចម្រៀងលំដាប់ប្រទេសលោកព្រាប សុវត្ថិ មករួមទ្រនំផលិតកម្ម Galaxy។ គ្រប់គ្នាមិនហ៊ានស្រមៃតារាចម្រៀងចាស់វស្សាជាដុំពេជ្រក្នុងផលិតកម្មហង្សមាសជិត ៣ ទសវត្ស ហ៊ានដើរចេញមករួមរស់ ជាមួយផលិតកម្មដ៏ថ្មីថ្មោងក្រោមការគ្រប់គ្រងពីឧកញ៉ា ឡេង ណាវាត់ត្រា៕
២\អ្នកឧកញ៉ាពុង ឃាវសែ
ជាអ្នកវិនិយោគលំនៅឋានដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស។ សេដ្ឋីប្រាក់ពាន់លាននេះ ក្តោបក្តាប់គម្រោងធំៗមានដូចជាគម្រោងអភិវឌ្ឍកោះពេជ្រ អគារអូឡាំព្យា តំបន់អភិវឌ្ឍជ្រោយចង្វា គម្រោងអភិវឌ្ឍកោះនរា ហើយថ្មីៗលោកបានចូលរួមក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៣\អ្នកឧកញ៉ា ហុង ពីវ
អ្នកទិញបុរីពិភពថ្មីតិចណាស់ ដែលមិនស្គាល់ឧកញ៉ាហុង ពីវ។ ម្ចាស់បុរីពិភពថ្មីលោកឧកញ៉ា ហុង ពីវ ប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារដ៏ប៉ិនប្រសព្វ គឺចាប់យកអតិថិជនដែលមានចំណូលមធ្យម និងក្រោមមធ្យម។ អតិថិជនតែងតែជឿជាក់លើការទិញផ្ទះនៅបុរីពិភពថ្មីគឺឡើងថ្លៃលឿន ងាយស្រួលលក់ចេញបន្ត។
គម្រោងបុរីពិភពថ្មីធំៗមាននៅចម្ការដូង ឈូកវ៉ា តាខ្មៅ និងកំពុងមានការពង្រីកតាមផ្លូវជាតិលេខ ២ និង លេខ ៣ រាប់ពាន់ល្វែងទៀត។
៤\ឧកញ៉ាលី ហួរ
ជាពាណិជ្ជកររកស៊ីប្តូរប្រាក់ធំបំផុតក្នុងទីក្រុងភ្នំពេញ ហើយគ្រប់គ្នាស្គាល់ច្បាស់បំផុតគឺហាងប្តូរប្រាក់ លី ហួរ។ ក្រោយមកអ្នកជំនួញជើងចាស់ម្នាក់នេះ បានបោះទុនវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន។ គម្រោងដែលគេស្គាល់របស់លោកឧកញ៉ាលីហួរ គឺបុរីវិមានភ្នំពេញ។
ឧកញ៉ាក៏មានអាជីវកម្មជាច្រើនទៀត ហើយថ្មីៗនេះបានពង្រីកមុខជំនួញផ្នែកហិរញ្ញវត្ថុដោយបង្កើតធនាគារ SBI Ly Hour។
៥\អ្នកឧកញ៉ា លាង ឃុន
ជាអគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ដែលមានអាណាចក្រជំនួយជាច្រើននៅក្នុងដៃ មានទាំងក្រុមហ៊ុនសំណង់ ម្ហូបអាហារ លំនៅដ្ឋាន ធនាគារជាដើម។ អាជីវកម្មធំៗស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនជីបម៉ុងមានដូចជា ក្រុមហ៊ុន Chip Mong Concrete ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ:សំណង់ ក្រុមហ៊ុន Khmer Beverages ដែលផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈច្រើនមុខទៀត ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន Chip Mong Land ធនាគារ ជីបម៉ុង និងហាងលក់ទំនិញទាន់ចិត្ត (Convenient store) ជាច្រើនកន្លែង។
៦\ឧកញ៉ា ថៃ ជាហួត
គ្រប់គ្នាអាចមិនសូវស្គាល់ឈ្មោះឧកញ៉ា ថៃ ជាហួត។ ប៉ុន្តែឧកញ៉ាលាក់មុខម្នាក់នេះ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់គម្រោងបុរីប៉េង ហួត។ គម្រោងបុរីប៉េង ហួត ផ្តោតការអភិវឌ្ឍលំនៅដ្ឋានប្រណិត សម្រាប់អ្នកមានជីវភាពខ្ពស់។
គម្រោងធំបំផុតគឺនៅបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ មានការអភិវឌ្ឍលំនៅដ្ឋានរាប់ពាន់ល្វែង មានទាំងប្រភេទផ្ទះអាជីវកម្ម វីឡាតម្លៃរាប់លានដុល្លារ រួមទាំងគម្រោងអភិវឌ្ឍផ្សារទំនើបនៅក្នុងបុរី។