ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងរងហានិភ័យជាង៣ម៉ឺនហិកតា

សង្គម​ និង​សេដ្ឋកិច្ច

គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង៣ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាល:ទេស:។បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត។

ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចធិបតីបានបន្តថា គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង៣ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង ។

បើតាមសម្តេចធិបតី បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត៕