ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការវិនិយោគទឹកប្រាក់ដ៏ច្រើនមហាសាល ពោលគឺដល់ទៅ ៥០០ពាន់លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដោយនឹងចាប់ដៃគូជាមួយ Softbank, Oracle និង OpenAI ដើម្បីបង្កើតគម្រោងថ្មីមួយឈ្មោះថា Stargate ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្រោមផែនការនេះ OpenAI, SoftBank និង Oracle នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយដែលមានឈ្មោះថា Stargate ដោយវានឹងមានមូលដ្ឋាននៅរដ្ឋតិចសាស់។ ក្រុមហ៊ុនធំៗទាំងនេះ បានប្តេជ្ញាក្នុងការវិនិយោគដំបូងចំនួន ១០០ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
យ៉ាងណាមិញ ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថារបស់លោក ត្រាំ នៅឯសេតវិមាន កាលពីថ្ងៃទី២១ កន្លងទៅ ដោយនិយាយថា គម្រោង Stargate ថ្មីនេះនឹងត្រូវចំណាយថវិកាវិនិយោគយ៉ាងហោចណាស់ ៥០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ហើយគម្រោងដ៏អស្ចារ្យនេះ នឹងបង្ហាញពីភាពរឹងមាំនៃជំនឿលើសក្តានុពលរបស់អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីអាណត្តិថ្មី ផងដែរ។
គួរឲ្យដឹងផងដែរថា នាយកប្រតិបត្តិរបស់ក្រុម OpenAI លោក Sam Altman ក៏ដូចជានាយកប្រតិបត្តិ របស់ធនាគារ SoftBank លោក Masayoshi Son និងស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ក៏បានចូលរួមជាភ្ញៀវពិសេស នៅក្នុងការប្រកាសពីគម្រោងថ្មីដ៏ធំនេះ ផងដែរ។
ជម្រាបជូនថា គម្រោងនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងមានការប្រកួតប្រជែងគ្នាដើម្បីបំពេញតម្រូវការកុំព្យូទ័រដ៏ធំរបស់បច្ចេកវិទ្យា AI ក៏ដូចជាស្វែងរកថាមពលដែលត្រូវការដើម្បីពង្រីកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះ លោក ត្រាំ បាននិយាយទៀតថា Stargate នឹងចូលរួមចំណែកដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនិម្មិត ដើម្បីផ្តល់ថាមពលដល់បច្ចេកវិទ្យាជំនាន់ក្រោយៗនៃ AI រួមទាំងការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំ មិនធ្លាប់មានផងដែរ៕