សហគមន៍កសិកម្មទំនើបស្រូវនាងអំ ត្រៀមដាំម្ទេសដៃនាងនិងបន្លែនៅក្នុងផ្ទះសំណាញ់ដើម្បីបានចំណូលបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយបញ្ចប់ការប្រមូលផលស្រូវនៅដើមខែធ្នូឆ្នាំ២០២៤, ពេលនេះសហគមន៍កសិកម្មទំនើបស្រូវនាងអំមានទីតាំងនៅក្នុងខេត្តសៀមរាបបាននិងកំពុងរៀបចំដីធ្លី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពសម្រាប់ដំណាំម្ទេសដៃនាងលើទំហំផ្ទៃដីចំនួន៥ហិកតា និងដាំបន្លែនក្នុងផ្ទៃសំណាញ់ចំនួន៥០ខ្នងលើផ្ទៃដីចំនួន៣ហិកតា ដើម្បីបានប្រាក់ចំណូលបន្ថែមជួយដល់កសិករដែលជាសមាជិកសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា សព្វថ្ងៃនេះសហគមន៍កំពុងរៀបចំផ្ទៃដីដាំម្ទេសដៃនាងលើផ្ទៃដីចំនួន៥ហិកតា និងមានដៃគូចាំទទួលទិញស្រាប់ មិនពិបាកដើររកទីផ្សារ ហើយថ្ងៃខាងមុខបើសហគមន៍ដាំម្ទេសទទួលបានជោគជ័យ និងមានឈ្មួញចាំទទួលទិញក្នុងបរិមាណច្រើន។
បើតាមប្រធានសហគមន៍ខាងលើរូបនេះថា ការសាកល្បងដាំម្ទេសដៃនាងនៅពេលខាងមុខនេះ សហគមន៍បានកុងត្រាលក់ឱ្យក្រុមហ៊ុនក្នុងស្រុក ជាមួយនិងតម្លៃ៣០០០រៀលក្នុងមួយគីឡូក្រាម និងមានការប៉ាន់ប្រមាណថាអាចទទួលបានផល២០តោនក្នុងមួយហិកតា បើគិតជាចំណូលបានប្រមាណ៥០០០ដុល្លារក្នុងមួយរដូវកាល។

ចំពោះការដាំបន្លែ, អ្នកស្រី ឈិន សុភាសី បានឱ្យដឹងថា នៅខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ សហគមន៍ នឹងទទួលបានផ្ទះសំណាញ់ចំនួន៥០ខ្នងពីគម្រោង CASDP(ខាស់) ។សព្វថ្ងៃខាងសហគមន៍បាននិងកំពុងរៀបចំឯកសារ ពាក់ព័ន្ធមួយចំនួនឱ្យត្រូវជាមួយគម្រោង CASDP និងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាងសង់ផ្ទះសំណាញ់។

អ្នកស្រីបន្តថា គម្រោងដាំបន្លែនៅក្នុងផ្ទះសំណាញ់នេះ ជាការងារថ្មីសម្រាប់សហគមន៍។ តែទោះជាបែបនេះក្តី ក្នុងនាមសហគមន៍ចង់ឃើញការសាងសង់ផ្ទះសំំណាញ់នៅលើផ្ទៃដីចំនួន៣ហិកតាឱ្យបានឆាប់ៗដើម្បីឆាប់បានដាំបន្លែទទួលបានចំណូលបន្ថែម ជូនដល់កសិករដែលជាសមាជិកសហគមន៍។

អ្នកស្រី ឈិន សុភាសី លើកឡើងថា “ការងារដាំបន្លែក្នុងផ្ទះសំណាញ់នេះពីមុនខ្ញុំ មិនធ្លាប់មានបទពិសោធន៍នោះទេ ប៉ុន្តែមួយរយៈចុងក្រោយនេះខ្ញុំបានចូលរួមសិក្សានៅទីតាំដាំបន្លែមួយចំនួន យើងឃើញថាការដាំបន្លែល្អជាងការធ្វើស្រែ ព្រោះវាចំណាយពេលខ្លី ហើយចំណូលទទួលបានច្រើនដង ”។ SL