ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង យល់ឃើញថា វិស័យដីធ្លីនៅកម្ពុជា ឆ្នាំ២០២៥នេះ នឹងមានសន្ទុះឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប្រមាណជិត ៥ឆ្នាំចុងក្រោយនេះ ដោយសារកត្តាអំណោយផលធំៗចំនួន ៤យ៉ាង។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងក្នុងបទសម្ភាសន៍កាលថ្មីៗនេះថា ២០២៣ ជាឆ្នាំមួយដែលលំបាក ដោយសារការវិនិយោគបរទេសមកកម្ពុជា មិនសូវមាន ដោយសារទើបបញ្ចប់កូវីដ-១៩ និងមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យប្រជាជនខ្មែរមិនសូវមានទំនុកចិត្តលើវិស័យដីធ្លី ហើយភាគច្រើនយកលុយទៅផ្ញើនៅធនាគារ ដើម្បីយកការប្រាក់។ ចូលដល់ឆ្នាំ២០២៤ សភាពការណ៍គឺស្រដៀងគ្នាទៅនឹងឆ្នាំ២០២៣ដែរ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែផ្ទុះខ្លាំងឡើង ធ្វើឱ្យការទិញ-លក់ ដីធ្លីមានសភាពស្ងប់ស្ងាត់ វិនិយោគិនបរទេសក៏ស្ងាត់ រីឯប្រជាជនកម្ពុជា បន្តផ្ញើប្រាក់នៅធនាគារកាន់តែច្រើន ព្រោះមានអត្រាការប្រាក់ខ្ពស់។
លោកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២៥ អ្វីដែលលោកមើលឃើញ ទាំងកត្តាក្នុងប្រទេស ក្នុងតំបន់អាស៊ី ក្នុងតំបន់អឺរ៉ុប និងពិភពលោក ជារួមការដើរថយក្រោយក្នុងវិស័យដីធ្លីនៅកម្ពុជា ដែលកើតឡើងតាំងពីខែកក្កដា ឆ្នាំ២០១៩ នឹងត្រូវបញ្ចប់ត្រឹមឆ្នាំ២០២៥នេះ។ មូលហេតុដែលឆ្នាំ២០២៥ វិស័យដីធ្លីនឹងប្រសើរឡើងវិញគឺដោយសារ៖
១. ឆ្នាំ២០២៤ ប្រាក់ដែលផ្ញើនៅធនាគារច្រើនពេក សល់លុយច្រើនពេក អត្រាការប្រាក់ខ្ពស់ (៥-៧%) ដូច្នេះធនាគារមួយចំនួន បានចេញគោលការណ៍សម្រាប់ឆ្នាំ២០២៥ ទម្លាក់អត្រាការប្រាក់បញ្ញើរត្រឹម ៣-៤%។
២. ក្នុងខែធ្នូ ឆ្នាំ២០២៤ យើងទទួលបានព័ត៌មានថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារធំៗមួយចំនួន បានប្រជុំគ្នាកំណត់គោលការណ៍ថ្មីមួយ ដែលជារឿងល្អគឺ ធនាគារមួយចំនួនធំនៅកម្ពុជា នឹងមានការបន្ធូរបន្ថយដោយបើកឥណទានអចលនទ្រព្យឡើងវិញ មានន័យថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចខ្ចីលុយធនាគារបានឡើងវិញ ហើយអ្នកដែលខ្ចីលុយធនាគារទិញផ្ទះ ទិញខុនដូ អាចខ្ចីបានក្នុងអត្រាការប្រាក់ត្រឹម ៨%។
៣. ចំពោះកត្តាខាងក្រៅ នៅចុងឆ្នាំ២០២៤ ប្រទេសចិនបានទម្លាក់លុយជាច្រើនពាន់លានដុល្លារជួយដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសចិន ដូច្នេះលុយទាំងនោះនឹងសាយភាយទូទាំងពិភពលោក រួមទាំងនឹងមកដល់កម្ពុជាផងដែរ។
៤. សហរដ្ឋអាមេរិក ផ្លាស់ប្តូរប្រធានាធិបតីថ្មីគឺ លោក ដូណាល់ ត្រាំ។ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាថានៅពេលលោកជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថ្មីៗនេះ លោកត្រាំក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា លោកនឹងបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនេះ រួមទាំងសង្គ្រាមនៅបច្ចឹមប្រទេសតំបន់អារ៉ាប់ ហើយលោកបានសន្យាថា ក្នុងអាណត្តិរបស់លោក គឺមិនឱ្យកើតមានសង្គ្រាមលោកលើកទី៣ កើតឡើងនោះទេ។
ដូច្នេះកត្តាទាំងអស់នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ថាជារឿងធំដែលជួយឱ្យវិស័យដីធ្លីនៅកម្ពុជា ឆ្នាំ២០២៥ នឹងកម្រើកឡើងវិញ បន្ទាប់ពីលំបាកអស់រយៈពេល ៥ឆ្នាំ ហើយទោះបីជាមិនដំណើរលឿនតែម្តង តែយ៉ាងហោចណាស់ ក៏នឹងមានចរន្តទិញ-លក់អចលនទ្រព្យ ឬការខ្ចីលុយ នឹងដំណើរការឡើងវិញ នៅដើមឆ្នាំ២០២៥នេះ៕