គម្រោងចំនួន ៤២ ទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាមេរិក បន្តទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា។នេះបើតាមកិច្ចប្រជុំលើកទី ១៣ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” កាលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានបន្តលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២ គម្រោង។ដោយក្នុងនោះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។
បន្ថែមពីនេះ លោកបន្តថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ដែរថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ ២០២៥ ក្រុមការងារ ក៏បានប្តេជ្ញាបន្តភារកិច្ចស្នូលចំនួន ៣ ដើម្បីជំរុញការអភិវឌ្ឍន៍ព្រះសីហនុឱ្យកាន់តែប្រសើរ រួមមាន៖១.បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួ។២. បន្តពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង។និងទី៣.បន្តពង្រឹងសមត្ថភាព និង ការរៀបចំធនធានមន្ត្រី ដើម្បីទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ៕ អត្ថបទ៖ ហ្សាលីន