ឆ្នាំ២០២០ត្បិតថា ពិភពលោកជ្រួលច្របល់ដោយការផ្ទុះមេរោគកូវីត១៩ ប៉ុន្តែ តន់ ច័ន្ទ សីម៉ា គឺជាឆ្នាំនាងផ្ទុះខ្លាំងបំផុតដោយ បទ ចម្រៀងនាងស្ទើរទាំងអស់ទទួលបានការពេញនិយមខ្លាំង ជាហេតុនាំឲ្យនាងឡើងតម្លៃខ្លួនខ្ពស់កប់ពពក មិនធ្លាប់មាន។ ឥឡូវនេះ បទថ្មីមួយបទរបស់នាង ក៏កំពុងផ្ទុះខ្លាំងទៀតនៅលើ Tik Tok ក្រោយទើបចេញតែប៉ុន្មានថ្ងៃសោះ។
តាមព័ត៌មានទម្លាយ ពីសាមីផលិតកម្ម ដែលជាទ្រនំរបស់តារាចម្រៀងបានឲ្យដឹងថា នាពេលនេះ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងទៀតហើយ ជាមួយបទ “កូនក្មេងនិងមនុស្សចាស់” នៅលើបណ្ដាញសង្គមពេញនិយមរបស់ចិន។ បទនេះ បានបញ្ចេញនៅលើឆាណែល យូធូប របស់ Galaxy Navatra កាលពីសប្ដាហ៍មុន។ ភ្លាមៗបទចម្រៀង មនោសញ្ចេតនាដ៏គួរឲ្យក្នាញ់មួយនេះ ទទួលបានការចុចចូលស្ដាប់យ៉ាងគំហុក។
គិតមកដល់បច្ចុប្បន្ន “កូនក្មេងនឹកមនុស្សចាស់” មានអ្នកចុចចូលស្ដាប់ជាង ១,៣លាន ដងហើយ។ បន្ថែមពីលើនេះ បទរបស់តារាស្រី តូច ច្រឡឹង រូបនេះកំពុងអង្រួនបណ្ដាញ សង្គម Tik Tok ថែមទៀតដែលបង្ហាញថាកំពូល តារាចំរៀងក្មេងស្រីម្នាក់នេះ កំពុងតែទាញយកប្រជាប្រិយភាពយ៉ាងខ្លាំង។
តាមរបាយការណ៍ចេញ ផលិតកម្ម Galaxy Navatra ប៉ុន្មានថ្ងៃមកនេះបទ “កូនក្មេងនឹកមនុស្សចាស់” កំពុងតែនាំមុខគេទៀតហើយ នៅក្នុង tik tok មានអ្នកធ្វើតាម13 ម៉ឺន5ពាន់ វីដេអូនឹងចាប់ផ្ដើមហក់ឡើង នៅក្នុងបណ្ដាញ YouTube បណ្ដើរៗទៀតដែរ។ ស្ថានភាពនេះគេរំពឹងថា សីម៉ា ទំនងអាចបង្កើតប្រវត្តិសាស្ត្រថ្មីទៀត សម្រាប់ខ្លួនឯងជាមួយបទចម្រៀងថ្មីមួយបទនេះ។
តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា នាងជាតារាចម្រៀងនៅក្មេងខ្ចី ប៉ុន្តែសមត្ថភាព របស់នាងពិតជាខ្លាំងមិនធម្មតា ក្នុងនោះតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសាថែមទៀតហើយគ្រប់បទចម្រៀង សុទ្ធតែល្បីៗទាំងអស់។ តាមរបាយការណ៍ពីពេលកន្លងទៅចេញដោយផលិតកម្ម Galaxy Navatra ដែរនោះ តន់ ចន្ទសីម៉ា បានឈរនៅលំដាប់កំពូល នៅក្នុងឆ្នាំ2020នេះ ដោយបទចម្រៀងរបស់ នាង មានអ្នកទស្សនារហូតជាង 400លាន ដងដែល ចំនួននេះមិនទាន់អាចមានតារាចម្រៀង រូបណាអាចធ្វើបាននៅឡើយ។
ដូច្នេះហើយភ្លាមៗ តន់ ចន្ទសីម៉ា ក៏ត្រូវបានផលិតកម្ម Galaxy Navatra កំណត់តម្លៃពលកម្មសម្រាប់ចេញច្រៀងតាមមង្គលការពិធីជប់ លៀង ដល់ទៅ២ម៉ឺនដុល្លារអាមេរិកឯណោះ។
ងាកមកបទ “កូនក្មេងនឹកមនុស្សចាស់” ដដែលវិញផលិតកម្ម ក៏បង្ហាញពីការរំពឹងទុកថា នឹងក្លាយជាបទពេញនិយមជាងគេ ផ្នែកបទចម្រៀងមនោសញ្ចេតនានាចុងឆ្នាំ២០២០នេះ ជាក់ជាមិនខាន។ តើ “កូនក្មេងនឹកមនុស្សចាស់” នេះមានអត្ថន័យយ៉ាងណា សូមស្ដាប់ទាំងអស់គ្នា៖