រដ្ឋាភិបាល បង្ហាញចក្ខុវិស័យសំខាន់ចំនួន ២ ដើម្បីលើកកម្ពស់សេវាដឹកជញ្ជូនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាល បានបង្ហាញចក្ខុវិស័យសំខាន់ៗ ចំនួន ២ ដើម្បីលើកកម្ពស់សេវាដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះសមិទ្ធផលដែលក្រសួងសាធារណការ និង​ដឹកជញ្ជូនសម្រេចបាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខណៈសម្តេចក៏បានបង្ហាញចក្ខុ​វិស័យ​សំខាន់ៗចំនួន ២ ដែលឆ្លើយតបទៅនឹង អាទិភាព នៃយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១ នោះគឺ៖ .ការលើកកម្ពស់សេវាដឹកជញ្ជូនតាមរយៈ ការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការ​ប្រើ​​ប្រាស់​បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធ​ភាព ងាយស្រួល និងជឿទុកចិត្ត និង.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។

យ៉ាងណាមិញ ដើម្បីសម្រេចចក្ខុវស័យខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវអានុសាសន៍ ១១ចំណុច ជូនដល់ក្រសួងសាធារណការ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានបន្ថែម​ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន​របស់កម្ពុជា ក៏ដូចជាចក្ខវិស័យឆ្នាំ២០៥០។

អនុសាស្រ្តទាំងនោះ រួមមាន៖ ១. បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់​តែមានប្រសិទ្ធ​ភាព ។ ២. បន្តជំរុញការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែមានភាពប្រទាក់ក្រឡា។ ៣. បន្តជំរុញការតាមដាន និងត្រួតពិនិត្យ លើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​នានា។ ៤. ជំរុញការអភិវឌ្ឍ បណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។៥. ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី។ ៦. ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និងក្រុងព្រះសីហនុ (SHV-LC)។៧. បន្តជំរុញកិច្ចសហការជាមួយដៃគូ វិនិយោគ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ នៃខេត្តគោលដៅសំខាន់ៗ។៨. បន្តពង្រឹងកិច្ចសហការ ជាមួយក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ត្រូវគិតគូរនូវយន្តការពង្រឹងការអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។១០. ជំរុញការផ្សព្វផ្សាយច្បាប់សំខាន់ៗ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ និងទី១១. បន្តអនុវត្តការងារកែទម្រង់រដ្ឋបាល សាធារណៈឱ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ ហ្សាលីន