គណ:រដ្ឋមន្ត្រីថៃ ចាប់ផ្តើមអនុម័តការយកពន្ធលើការបញ្ចេញឧស្ម័នកាបូន ដើម្បីកាត់បន្ថយកម្តៅផែនដី

អន្តរជាតិ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយកាលពីពេលថ្មីៗនេះថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការយកពន្ធចំពោះការបញ្ចេញឧស្ម័យកាបូន ចំនួន ២០០បាត (៥,៩ដុល្លារ) ​ក្នុងមួយតោននៃឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការកើនឡើងនៃកម្តៅរបស់ផែនដី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាយ៉ាងណាក៏ដោយ លោក Paopoom បានបញ្ជាក់ថា ជុំវិញផែនការពន្ធកាបូនថ្មីនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងពន្ធប្រេងដែលមានស្រាប់ ហើយវានឹងមិនប៉ះពាល់ដល់តម្លៃលក់រាយរបស់ប្រេង និងផលិតផលប្រេងនោះទេ។

លោក ​​Paopoom និយាយទៀតថា វិធានការ​នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​នៃ​ពន្ធ​អាករ​ដែល​គណនា​តម្លៃ​កាបូន​ដែលត្រូវ​បង្កប់​ក្នុង​ពន្ធ​ប្រេង។​ លោកបាន​បន្ថែម​ថា ​ការ​កំណត់​តម្លៃ​ពន្ធកាបូន​នឹង​មិន​ប៉ះពាល់​ដល់​តម្លៃ​នៃ​វិស័យ​ឧស្សាហកម្ម​ទេ ហើយវា​ក៏​នឹង​មិន​ប៉ះពាល់​ដល់​តម្លៃ​ប្រេង​លក់រាយ​ដែរ​។

ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង ដើម្បីជួយផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់ឲ្យកាន់តែមានភាពស្និទ្ធស្នាលនឹងបរិស្ថាន និងជួយក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិដែលផ្តល់អាទិភាពដល់ផលប៉ះពាល់បរិស្ថាន។

លោក Paopoom បាននិយាយថា ប្រទេសថៃបានកំណត់គោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០ និងការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមឆ្នាំ២០៦៥ ខណៈពេលដែលឧស្សាហកម្មរថយន្ត និងប្រេង ត្រូវបានចាត់ទុកថាជាប្រភពចម្បងនៃការបំភាយឧស្ម័នកាបូនដល់ទៅ ៧០% ។

ជម្រាបជូនផងដែរថា ជុំវិញផែនការយកពន្ធកាបូននេះ នឹងត្រូវអនុវត្តលើផលិតផលសំខាន់ៗមួយចំនួន រួមមាន ប្រេងសាំង ហ្គាស ប្រេងកាត ប្រេងឥន្ធនៈយន្តហោះ ប្រេងម៉ាស៊ូត ឧស្ម័នរាវ និងប្រេងឥន្ធនៈ ជាដើម៕