ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពឱ្យមានការវិនិយោគធ្វើផ្ទះលក់ សម្រាប់មន្ដ្រីរាជការក្នុងតម្លៃសមរម្យ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យពិនិត្យលទ្ធភាព និងគិតគូរលើកទឹកចិត្ត ជំរុញឱ្យអ្នកវិនិយោគបណ្តាក់ទុនសាងសង់ធ្វើផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ត្រីរាជការ ក្នុងតម្លៃចន្លោះពី ២ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា៖ “ខ្ញុំសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ គិតគូរវិនិយោគធ្វើផ្ទះលក់ សម្រាប់មន្ត្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឱ្យគាត់ផ្តោតទៅលើចំណុចនេះ ប៉ុន្តែកុំឱ្យលើសពីតម្រូវការ”។

បើតាមឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក្នុងករណីផ្ទះដាក់លក់ក្នុងតម្លៃចន្លោះពី ២ទៅ៣ម៉ឺនដុល្លារ នោះមន្ត្រីរាជការ ដែលមានប្រាក់បៀវត្សចន្លោះពី ១,៥លានរៀល ទៅ ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនពិនិត្យលទ្ធភាព ក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាងឡើង។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្តែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ ឯកឧត្តមបន្ថែមថា បើសិនជាក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឱ្យនៅទំនេរ ក៏ជះឥទ្ធិពលមិនល្អដល់ការរៀបចំផែនការអភិវឌ្ឍន៍ដូចគ្នា។

សូមជម្រាបថា យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្នលំនៅឋានតម្លៃសមរម្យនៅកម្ពុជាមានចំនួន ៤គម្រោង ក្នុងនោះមានលំនៅឋានសរុបចំនួន ៨,៣៣១ ខ្នងផ្ទះ និង ៣,១៦៤ ចំណែកឯកជន (ខុនដូ) ត្រូវបានអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ចំនួន២គម្រោង និងខេត្តកណ្តាលចំនួន ២គម្រោង រួមទាំងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ក្រុមហ៊ុន World Bridge Home Co., Ltd របស់អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល លើផ្ទៃដីប្រមាណ ២៤ហិកតាផងដែរ៕