ឧកញ៉ា តាន់ មុនីវណ្ណ សហប្រធានក្រុមការងារ “ផ្នែកសំណង់ និងអចលនទ្រព្យ” ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដែលជាសមាជកនៃគណៈស្ថាបត្យករកម្ពុជា, តំណាងសមាគមឯកជន, តំណាងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ បុរី លំនៅឋាន និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

តាមរយៈកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញសង្ខេបស្តីពីលទ្ធផល និងវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈស្ថាបត្យករកម្ពុជា រួមនឹងបទបង្ហាញស្តីពីគោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជាផងដែរ។

គោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា ត្រូវបានរៀបចំឡើងដោយផ្អែកលើតថភាពនៃស្ថានភាពវិស័យស្ថាបត្យកម្មរបស់កម្ពុជានាពេលបច្ចុប្បន្ន និងការពិនិត្យមើលដោយយកចិត្តទុកដាក់លើការវិវត្តនៃស្ថាបត្យកម្ម និងបទពិសោធន៍វិស័យស្ថាបត្យកម្មតាមបណ្តាប្រទេសនានា ទាំងបណ្ដាប្រទេសដែលមានឧស្សាហកម្មសំណង់ជឿនលឿន និងទាំងបណ្ដាប្រទេសដែលកំពុងធ្វើការអភិវឌ្ឍវិស័យសំណង់នៅក្នុងតំបន់ និងពិភពលោក។

គោលនយោបាយនេះ នឹងធានាបាននូវការរចនាគម្រោងប្លង់ ការងាររៀបចំទីក្រុងនិងទីប្រជុំជន ប្រសិទ្ធភាពនិងចីរភាពបរិស្ថាននៃការរស់នៅ និងយន្តការចាំបាច់នានា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងរួមចំណែក ពេញលេញដល់ការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា គណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏មានសារៈសំខាន់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏ជាមជ្ឈមណ្ឌលប្រមូលផ្ដុំទៅដោយបញ្ញវន្ត ដែលជាអ្នកមានវិជ្ជាជីវៈស្ថាបត្យកម្ម និងនគរូបនីយកម្ម។ គណៈស្ថាបត្យករកម្ពុជា និងគណៈវិស្វករកម្ពុជា ប្រៀបបាននឹងដៃឆ្វេង និងដៃស្ដាំរបស់ក្រសួង ក្នុងការលើកកម្ពស់ អ្នកវិជ្ជាជីវៈ ដោយចាប់ផ្ដើមគិតគូរពី ការរៀបចំស្ដារប្រទេស ក៏ដូចជាការរៀបចំទីក្រុង សំណង់អគារ ការកែលម្អសំណង់ចាស់ៗ លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យក្លាយទៅជាស្ថាបត្យកម្មខ្មែរសហសម័យ។ ដូចនេះគោលនយោបាយជាតិស្តីពី “ស្ថាបត្យកម្មកម្ពុជា ” គីជាត្រីវិស័យសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅឆ្នាំ២០៣០-២០៥០៕