ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៖ សុភមង្គលមិនមែនទម្លាប់ធ្វើខ្លួនឱ្យរវល់ ឬប្រឹងប្រែងធ្វើការងារមិនឈប់ឈរនោះទេ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យល់ឃើញថា សុភមង្គលមិនមែនទម្លាប់ធ្វើខ្លួនឱ្យរវល់ ឬប្រឹងប្រែងធ្វើការងារមិនឈប់ឈរនោះទេ ដើម្បីសម្រេចបានសមិទ្ធផលច្រើន ទើបទទួលបាននោះទេ ប៉ុន្តែវាអាចកើតចេញពីបរិយាកាសបែបសាមញ្ញៗ ដែលគ្រប់គ្នាអាចមិននឹកស្មានដល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវអ្នកឧកញ៉ា បានបង្ហោះរូបភាពជាមួយគ្រួសារភ្ជាប់ជាមួយសារដ៏មានអត្ថន័យនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ថាយើងគ្រប់គ្នាតែងគិតថាទាល់តែមានទំនួលខុសត្រូវកាន់តែខ្ពស់ ធ្វើខ្លួនឱ្យរវល់ និងសម្រេចនូវសមិទ្ធផលឱ្យបានកាន់តែច្រើន ទើបនាំឱ្យយើងមានសុភមង្គល។ ប៉ុន្តែតាមពិត កាលណាយើងកាន់តែប្រឹងស្វែងរកសុភមង្គលតាមមធ្យោបាយទាំងនេះ យើងនឹងកាន់តែឃ្លាតឆ្ងាយពីវា។

«សម្រាប់ខ្ញុំ សុភមង្គលមិនមែនបានមកពីទម្លាប់ឱ្យរវល់ ឬត្រូវតែប្រឹងប្រែងធ្វើកិច្ចការមិនឥតឈប់ឈរនោះទេ ពោលគឺវាអាចកើតចេញពីបរិយាកាសបែបសាមញ្ញៗ ដូចជាការសន្ទនាដ៏កក់ក្ដៅ ការមើលព្រះអាទិត្យរះដ៏ស្រស់ស្អាត ឬការសើចសប្បាយជាមួយមនុស្សជាទីស្រឡាញ់របស់យើងជាដើម»។ លោកជំទាវអ្នកឧកញ៉ា បានបន្ថែម។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ទៀតថា ជីវិតមានន័យ មិនចាំបាច់ទាល់តែត្រូវធ្វើឱ្យរវល់ពេកនោះទេ។ ជួនកាលរឿងរ៉ាវតូចៗជុំវិញខ្លួនយើងដូចជាភាពរីករាយប្រចាំថ្ងៃដែលយើងមាន សុទ្ធសឹងតែជាប្រភពនៃសុភមង្គល។ ប្រសិនបើមើលរំលងចំណុចតូចៗទាំងនេះ យើងនឹងបាត់បង់នូវអ្វីដែលសំខាន់បំផុតក្នុងជីវិតយើង។ កាលណាយើងចេះធ្វើឱ្យជីវិតកាន់តែសាមញ្ញ យើងនឹងអាចបើកទូលាយផ្លូវទៅកាន់សុភមង្គលដ៏ពិតប្រាកដ។ សូមបញ្ឈប់តាមរកអ្វី ដែលធ្វើឱ្យជីវិតកាន់តែស្មុគស្មាញ ហើយចាប់ផ្ដើមទទួលស្គាល់ និងផ្ដល់តម្លៃចំពោះភាពសាមញ្ញ ព្រោះវាជាគន្លឹះដែលធ្វើឱ្យជីវិតយើងកាន់តែមានពន្លឺ និងកាន់តែរីករាយ៕