លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញា ពង្រីងកិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត សំដៅពង្រឹងទំនាក់ទំនងទ្វេភាគី។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកអគ្គរដ្ឋទូត Messerer បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយ និរន្តរភាព ការបោសសម្អាតមីន និងថាមពល។
ទន្ទឹមគ្នានេះ លោកក៏បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពេលដែលប្រទេសទាំងពីរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ជុំវិញរឿងនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ទន្ទឹមគ្នានេះ លោកក៏បាន ស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានស្នើប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ភាគីទាំងពីរ ក៏គូសបញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានលើកឡើងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផងដែរ៕ អត្ថបទ៖ ហ្សាលីន
