យោងតាមការវាយតម្លៃដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KRC) របស់ប្រទេសថៃ បានបង្ហាញឲ្យដឹងថា ទំហំនៃការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីការបំពុលខ្យល់ ទាំងក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយ:ពេលមួយខែកន្លងមកនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣ពាន់លានបាត (៨៩,៤លានដុល្លារ)។
យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Thai PBS World បានបង្ហាញពីរបាយការណ៍របស់មជ្ឈមណ្ឌល KRC ថា ភាគល្អិត PM 2.5 ដែលមានច្រើនពេកនៅក្នុងបរិយាកាសនាំឲ្យមានការចំណាយយ៉ាងច្រើនលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាព ដូចជាការពាក់ម៉ាស់ និងប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ ជាដើម។
យ៉ាងណាមិញ បើទោះបីជាការចំណាយបែបនេះមានប្រយោជន៍សម្រាប់អាជីវកម្មក៏ដោយ ប៉ុន្តែវាអាចបង្កើតជាការខាតបង់ឱកាសសម្រាប់អ្នកប្រើប្រាស់ ដោយសារតែពួកគេអាចប្រើប្រាស់លុយទាំងនេះ សម្រាប់គោលបំណងផ្សេងទៀត។
ទន្ទឹមនឹងនេះ ការប៉ាន់ប្រមាណើ់ការខាតបង់សេដ្ឋកិច្ចនេះ គឺត្រូវបានសន្មត់ថា ប្រជាជនប្រហែល ២,៤ លាននាក់នៅក្នុងទីក្រុងបាងកក កំពុងទទួលរងនូវបញ្ហាអាឡែស៊ី និងជំងឺផ្លូវដង្ហើម ដោយប្រហែលពាក់កណ្តាលនៃពលរដ្ឋទាំងនោះ ត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ។ នេះបង្ហាញថាពួកគេត្រូវចំណាយលើថ្លៃព្យាបាល និងការធ្វើដំណើរជាមធ្យម ១ ៨០០ ទៅ ២០០០បាតក្នុងម្នាក់។
មិនតែប៉ុណ្ណោះ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានបង្ហាញឲ្យដឹងទៀតថា ដោយគិតរួមទាំងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជាការបិទសាលាបណ្តោះអាសន្ន ក៏ដូចជាផលប៉ះពាល់លើវិស័យទេសចរណ៍ និងការធ្វើការងារពីផ្ទះ ទំហំនៃការខាតបង់សេដ្ឋកិច្ចរបស់ទីក្រុងបាងកក អាចនឹងកើនឡើងកាន់តែច្រើនបន្ថែមទៀត៕