ស្ថិតក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះមានការកត់សម្គាល់ថា ផលិតផលកែច្នៃចេញពីសំបុកត្រចៀកកាំ មានគាំទ្រច្រើនក្នុងចំណោមផលិតផលផ្សេងទៀត ពីកូនខ្មែរជាប់សែស្រឡាយចិន ទិញយកធ្វើអំណោយសម្រាប់ក្រុមគ្រួសារ អ្នកមានគុណ និងជូនដល់មនុស្សជាទីគោរពស្រលាញ់របស់ខ្លួន។
យោងតាមប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញសំបុកត្រចៀកកាំកម្ពុជាបានកត់សម្គាល់ឃើញថា ផលិតផលត្រចៀកកាំទឹកនិងស្ងួតទទួលបានការគាំទ្រច្រើនពីថ្នាក់ដឹកនាំផ្សេងជ្រើសរើសជាអំណោយជូនគ្នាទៅវិញទៅមក ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ព្រោះផលិតផលកែច្នៃពីសំបុកត្រចៀកកាំនេះ វាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពមនុស្ស។
អ្នកស្រី វ៉ា សុជីន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជាបានឱ្យដឹងថា ផ្អែកលើគុណប្រយោជន៍នៃផលិតផលសំបុកត្រចៀកកាំ និងការយល់ដឹងអំពីសុខភាពរបស់ពលរដ្ឋ, ផលិតផលសំបុកត្រចៀកាំទាំងទឹក ត្រូវបានក្មេងៗជំនាន់ក្រោយទិញវាធ្វើជាអំណោយជូនដល់អ្នកមានគុណ និងមនុស្សដែលជាទីគោរពស្រលាញ់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិននេះ។
បើតាមប្រធានសមាគមខាងលើ, បុគ្គលជូនផលិតផលសំបុកត្រចៀកកាំជាអំណោយទៅដល់អ្នកមានគុណ អ្នកដែលគោរពស្រលាញ់និងអ្នកដទៃផ្សេងទៀត ធ្វើឱ្យអ្នកទទួលនិងអ្នកជូនមានអារម្មណ៍ថាទទួលបានសេចក្តីសុខផ្នែកសុខភាពដូចគ្នា។
ចំណែក,លោក ដួង វឌ្ឍនៈ អ្នកប្រកបមុខរបរនៅក្នុងវិស័យសំបុកត្រចៀកកាំ យល់ឃើញថា ផលិតផលសំបុកត្រៀកកាំ ពិសេសទឹកមាត់ត្រៀកកាំគឺមានតម្រូវការច្រើននៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិននេះ ហើយនៅតាមហាងខ្លះ អាចខ្វះព្រោះផលិតផលបែបនេះការកែច្នៃនៅមានកម្រិតនៅឡើយ ហើយបើសិនមានការកែច្នៃច្រើន អាចលក់បានច្រើននៅលើទីផ្សារនិងបានតម្លៃសមរម្យថែមទៀតផង៕SL