រោងចក្រកែច្នៃជ័រកៅស៊ូ របស់លោកអ្នកឧកញ៉ា ទ្រី ភាព តម្លៃជាង ១១លានដុល្លារ បើកសម្ពោធជាផ្លូវការ

ជុំវិញ​ឧកញ៉ា

រោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី តម្លៃវិនិយោគជាង ១១លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាព អីុមផត អិចផត, អ្នកឧកញ៉ា គៀន ស្រីនាង អគ្គនាយិការងក្រុមហ៊ុន ទ្រី ភាព គ្រុប, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអភិបាលមកបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្ត បុគ្គលិក កម្មករក្រុមហ៊ុនទ្រីភាពគ្រុប រួមទាំងប្រជាពលរដ្ឋក្នុងស្រុងរវៀង ខេត្តព្រះវិហារ សរុបជាង ៣ពាន់នាក់។

ក្នុងឱកាសដ៏រីករាយជាមួយនឹងសមិទ្ធផលថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរជាមួយក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ ចំពោះវឌ្ឍនភាពនៃការដាំដំណាំកៅស៊ូរយៈពេលជាង១០ឆ្នាំ ក៏ដូចជាការបង្កើតបានរោងចក្រសម្រាប់កែច្នៃកៅស៊ូ នៅពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ បានផ្តល់អត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និងបង្កើនស្ថិរភាពសេដ្ឋកិច្ច។ លើសពីនេះ រោងចក្រនេះ ក៏អនុញ្ញាតឱ្យផលិតនូវផលិតផលដែលមានតម្រូវការខ្ពស់ កាត់បន្ថយការពឹងទីផ្សារតែមួយ និងគាំទ្រការបង្កើតថ្មី ខណៈដែលការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១១ ក្រៅតែពីវិនិយោគការដាំកៅស៊ូលើផ្ទៃដីជិត ៦ពាន់ហិកតា នៅខេត្តព្រះវិហារ លោកអ្នកឧកញ៉ា ទ្រី ភាព បានសម្រេចបន្ថែមទុនវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ នៅឆ្នាំ២០១៩។ រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១០ហិកតា ជារោងចក្រស្វ័យប្រវត្តិមួយមានកម្រិតខ្ពស់នៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្ម២ខ្សែ គឺមួយខ្សែសម្រាប់ជ័រទឹក និងមួយខ្សែទៀតសម្រាប់ជ័រចាន ឬជ័របង្កក៕