រដ្ឋាភិបាល ប្រកាសទទួលពាក្យស្នើសុំកម្មវិធីផ្តល់ដី ពីសំណាក់ពលរដ្ឋក្រីក្រគ្មានដី ចាប់ពីខែកុម្ភៈ តទៅ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នឹងទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីថ្លែងការណ៍ពិសេស របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព កាល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។

សម្តេចធិបតី បន្ថែមទៀតថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។ សម្ដេច ថា «នៅក្នុងន័យនេះ យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ»។

លើសពីនេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ដើម្បីអនុវត្តកម្មវិធីនេះឱ្យបានជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការជាតិដឹកនាំ អនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលមានសេនាធិការដ្ឋានមួយជាសេនាធិការ។ ចំពោះនីតិវិធីបែបបទនេះ ដើម្បីដាក់ពាក្យស្នើសុំ និងលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានដី លេខាធិការដ្ឋាននឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយដែលអាចចាប់ផ្តើមទទួលពាក្យស្នើសុំរបស់ពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ»៕ អត្ថបទ​៖ ហ្សាលីន