ឆ្នាំ២០២៤៖ រោងចក្រផលិតសំបកកង់ឡានទាំង៣ ស្រូបជ័រកៅស៊ូក្នុងស្រុកជិត៦ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ៩៦លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

លោក ប្រាក់ ដាវីដ  រដ្ឋលេខាធិការក្រសួងកសិកម្ម ធ្លាប់បានគូសបញ្ជាក់ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។ ការណ៍នេះ ទាមទារឱ្យកម្ពុជារៀបចំខ្លួនឱ្យរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

សូមបញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្ដទាំង៣របស់កម្ពុជា រួមមាន៖ ១, ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ១២០ហិកតា ក្រោមទុនវិនិយោគជាង១ពាន់លានដុល្លារ។ , ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ២៩៧លានដុល្លារ។ , រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ 

សូមជម្រាបបន្ថែមថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។បើគិតត្រឹមរយៈពេល១១ខែ​ ឆ្នាំ២០២៤ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ៕