លោក ពូទីន បដិសេធមិនព្រមចូលតុចរចាដោយផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែន លោក Zelenskyy ឡើយ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ បាននិយាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ អាចចូលរួមចរចាសន្តិភាពជាមួយទីក្រុងគៀវបាន ប៉ុន្តែបានបដិសេធការពិភាក្សាដោយផ្ទាល់ជាមួយលោក Volodymyr Zelenskyy ដោយលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានផុតអាណត្តិទៅហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសមួយតាមទូរទស្សន៍ កាលពីថ្ងៃទី២៨ ខែមករាថា ៖”ប្រសិនបើលោក Zelenskyy ចង់ចរចា ខ្ញុំនឹងចាត់មនុស្សផ្សេងឲ្យចូលរួម”។ ដោយនិយាយបន្ថែមទៀតថា មេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងកាន់អំណាចដោយខុសច្បាប់ ក៏ព្រោះតែអាណត្តិប្រធានាធិបតីរបស់គាត់ បានផុតកំណត់ក្នុងអំឡុងពេលប្រកាសចេញច្បាប់អាជ្ញាសឹកមកម្លេះ។

ប្រមុខវិមានក្រឹមឡាំងរូបនេះ បានបន្ថែមថា ៖”ប្រសិនបើអ៊ុយក្រែនមានបំណងចង់ចរចា និងរកវិធីសម្រុះសម្រួល សូមចាត់តាំងអ្នកផ្សេងឲ្យដឹកនាំការចរចានេះ។ ពិតណាស់ យើងនឹងប្រយុទ្ធដើម្បីអ្វីដែលសក្តិសមនឹងយើង និងអ្វីដែលជាផលប្រយោជន៍របស់យើង”។

“ប្រសិនបើពួកគេចង់ធ្វើវា មានវិធីស្របច្បាប់ដើម្បីធ្វើវា។ សូមឲ្យប្រធានសភារ៉ាដា (សភាអ៊ុយក្រែន) ដោះស្រាយវាតាមរដ្ឋធម្មនុញ្ញ។ ហើយបើ​មាន​ការ​ចង់​បាន យើង​អាច​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទាំង​អស់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ឃើញ​មាន​ការ​ចង់​បាន​បែប​នេះ​នៅឡើយទេ”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ពូទីន។

គួរឲ្យដឹងថា រុស្ស៊ីបានប្រកែកជាយូរមកហើយថាប្រធានាធិបតី លោក Volodymyr Zelensky លែងមានសិទ្ធិអំណាចផ្លូវច្បាប់ទៀតហើយ ពីព្រោះអាណត្តិរបស់លោកបានបញ្ចប់ តាំងតែពីខែឧសភា ឆ្នាំ២០២៤ មកម្លេះ ហើយគ្មានការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីណាមួយត្រូវបានធ្វើឡើងទៀតនោះឡើយនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីពេលនោះមក។

យ៉ាងណាមិញ ដោយបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំរុស្ស៊ី ប្រធានាធិបតីលោក Zelenskyy បាននិយាយថា មានឱកាសនៃការសម្រេចបាននូវសន្តិភាពពិតប្រាកដជាច្រើន ប៉ុន្តែមេដឹកនាំវិមានក្រឹមឡាំងកំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។

ទន្ទឹមនឹងនេះ លោក Zelensky ក៏បានសរសេរនៅលើបណ្តាញសង្គម X ទៀតថា៖”ថ្ងៃនេះ លោកពូទីន បានបញ្ជាក់ម្តងទៀតថា គាត់ខ្លាចការចូលតុចរចា ខ្លាចមេដឹកនាំខ្លាំងៗ និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីអូសបន្លាយជម្លោះ” ៕