វិមានដ៏ធំមួយនៅក្នុងឧទ្យាន Regent’s Park របស់ទីក្រុងឡុងដ៍ ចក្រភពងង់គ្លេស ដែលត្រូវបានរឹបអូសពីសមាជិកនៃគ្រួសាររាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានលក់ចេញហើយ ក្នុងការបញ្ចុះតម្លៃដល់ទៅ ៤៤% ពីតម្លៃដើម បន្ទាប់ពីត្រូវបានប្រកាសដាក់លក់អស់រយ:ពេលជិត ២ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
The Holme ដែលជាវិមានដ៏ធំស្កឹមស្កៃមានដល់ទៅ ៤០ បន្ទប់ និងស្ថិតនៅជិតផ្ទះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ត្រូវបានទិញនៅក្នុងតម្លៃប្រមាណ ១៣៩លានផោន (១៧២លានដុល្លារអាមេរិក) ដោយក្រុមហ៊ុន Zedra Trust Company (UK) Ltd បន្ទាប់ពីមានការចរចាអស់រយ:ពេលជាច្រើនខែ។
យ៉ាងណាមិញ បើទោះបីជាត្រូវបានទិញ បន្ទាប់ពីមានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏តម្លៃរបស់វិមាននេះនៅតែជាការលក់ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន សម្រាប់លំនៅដ្ឋាននៅចក្រភពអង់គ្លេស។
គួរឲ្យដឹងផងដែរថា វិមាន The Holme ពីមុនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Quendon Ltd មានមូលដ្ឋាននៅ Guernsey ដែលបានចុះបញ្ជីដោយកូនរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Khaled bin Sultan al-Saud ជាម្ចាស់កម្មសិទ្ធិ។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលអង់គ្លេស បានសម្រេចរឹបអូសវិញ ពាក់ព័ន្ធទៅនឹងច្បាប់ភាពម្ចាស់កម្មសិទ្ធិរបស់ជនបរទេស ដែលក្រុមហ៊ុននេះបានព្យាយាមលាក់អត្តសញ្ញាណ។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលអង់គ្លេសបានជួលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដើម្បីលក់ចេញវិមាននេះ នៅក្នុងតម្លៃស្នើសុំដំបូងប្រមាណ ២៥០លានផោន នៅដើមឆ្នាំ២០២៣ ប៉ុន្តែដោយសារតែតម្លៃខ្ពស់ខ្លាំងពេក វិមាននេះត្រូវបានដាក់លក់បញ្ចុះតម្លៃជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៥ នេះ។ នេះបើតាមយោតាមការចុះផ្សាយពី Green Street News ៕