អគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ រួមមាន៖ ប្រទេសប៊ុលហ្គារី រ៉ូម៉ានី សាធារណរដ្ឋក្រិក សាធារណរដ្ឋស៊ីប ប៊ែលហ្ស៊ិក ចក្រលុចសំបួ សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ហ្វីលីពីន និងសហភាពអឺរ៉ុប បានប្ដេជ្ញាថា នឹងជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។
ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតនៃប្រទេសទាំង១០ ខាងលើ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជំនួបពិភាក្សាជាមួយប្រទេសខាងលើ គឺផ្តោតលើជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា និងការណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T) visa បញ្ចុះ ពី ៣៦ ដុល្លារអាម៉េរិកមក ៣០ ដុល្លារអាម៉េរិក វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារអាម៉េរិក មក ៣៥ ដុល្លារអាម៉េរិក។
ជាងនេះទៀត លោកថា តាមរយៈជំនួបពិភាក្សានេះដែរ ក៏បានផ្តោតសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។
នៅក្នុងជំនួបពិភាក្សាខាងលើ ឯកអគ្គរាជទូតនៃប្រទេសទាំង១០ ខាងលើ ក៏បានញ្ជាក់ពីជំហរនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ពិសេសគឺជួយគ្នាផ្សព្វផ្សាយនិងទាក់ទាក់ទេសចរទៅវិញទៅមក ដើម្បីសម្រេចតាមគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
គួរបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចជំនួបនាពេលនោះដែរ ក្រសួងទេសចរណ៍ ក៏ស្នើសុំស្ថានទូតនៃប្រទេសខាងលើចេញជាសារ ឬ វីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា ដើម្បីកុំឱ្យជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏ស្នើឱ្យស្ថានទូតនៅកម្ពុជាទាំងអស់ ជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ (សមាគមទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, ភ្នាក់ងារ, ការីទេសចរណ៍, ក្រុមហ៊ុន Airlines ជាដើម)នៅប្រទេសរបស់ខ្លួន ដើម្បីរៀបចំជា Business Matching FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ៕អត្ថបទ៖ហ្សាលីន