យោងតាមក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃ (BoI) បាននិយាយកាលពីថ្ងៃទី២៩ ខែមករាកន្លងទៅថា TikTok គ្រោងនឹងបណ្តាក់ទុនចំនួន ១២៧ពាន់លានបាត (៣,៨ពាន់លានដុល្លារ) នៅក្នុងប្រទេសថៃ សម្រាប់សេវាកម្មបង្ហោះទិន្នន័យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ មានគោលបំណងគាំទ្ររាល់សកម្មភាពរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយវេទិកាវីដេអូកម្សាន្តដ៏ពេញនិយមរបស់ពិភពលោក រួមទាំងការផ្តោលសំខាន់បន្ថែមទៅលើពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ ក្រុមប្រឹក្សាភិបាលវិនិយោគ BoI បាននិយាយទៀតថាប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន TikTok នេះ ត្រូវបានគេរំពឹងទុកថានឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ខាងមុខ។
គួរឲ្យដឹងផងដែរថា ជុំវិញការវិនិយោគនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន TikTok សិង្ហបុរី ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
លោក ណារីត ថឺតស្ទីរ៉ាស៊ុកឌី (Narit Therdsteerasukdi) អគ្គលេខាធិការ BoI បាននិយាយថា ផែនការរបស់ TikTok កំពុងបង្ហាញពីជំហានដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង AI របស់ប្រទេសថៃ។ លោកបន្ថែមទៀតថា តាមរយ:ការវិនិយោគនេះ នឹងជួយនាំប្រទេសថៃ ឲ្យកាន់តែខិតទៅជិតគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលទិន្នន័យធំជាងគេនៅក្នុងតំបន់។
ជម្រាបជូនផងដែរថា ជុំវិញការវិនិយោគនៅក្នុងប្រទេសថៃរបស់ TikTok កើតឡើងចំពេលមានភាពមិនប្រាកដប្រជាលើប្រតិបត្តិការរបស់ខ្លួននៅទឹកដីសហរដ្ឋអាមេរិក ខណៈពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានផ្តល់ពេលឲ្យ ៧៥ថ្ងៃ ក្នុងការផ្អាកច្បាប់ហាមឃាត់វេទិកាសម្សាន្តនេះ ដើម្បីស្វែងរកអ្នកទិញក្នុងស្រុក៕