ស្ងាត់ៗ Alibaba បញ្ចេញកម្មវិធី AI ថ្មី ដែលអះអាងថាមានសមត្ថភាពលើស DeepSeek ទៅទៀត

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ​បានចេញផ្សាយកំណែថ្មីនៃកម្មវិធីគំរូបញ្ញាសិប្បនិម្មិត Qwen 2.5 របស់ខ្លួន ដែលអះអាងថាមានសមត្ថភាពលើសកម្មវិធី AI DeepSeek-V3 ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារសកលនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការចេញផ្សាយកម្មវិធី Qwen 2.5-Max របស់ក្រុមហ៊ុន Alibaba នេះ បានកើតឡើង នៅចំពេលដែលមុខងារ AI ថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន DeepSeek កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោក ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ។ DeepSeek-V3 មិនត្រឹមតែជាគូប្រជែងនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធី AI ជំនាន់ថ្មីចុងក្រោយនេះ ក៏មានការប្រកួតប្រជែងយ៉ាងខ្លាំងនៅទីផ្សារក្នុងស្រុកផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បាននិយាយនៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា កម្មវិធី Qwen 2.5-Max ជំនាន់ចុងក្រោយនេះ គឺអាចដំណើរការបានល្អជាង ពោលគឺអាចវ៉ាដាច់ GPT-4o របស់ក្រុមហ៊ុន OpenAI , DeepSeek-V3 របស់ក្រុមហ៊ុន DeepSeek និង Llama-3.1-405B របស់ក្រុមហ៊ុន Meta ផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពី Alibaba ក្រោយការចេញផ្សាយជំនួយការ AI ថ្មីរបស់ DeepSeek ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTokក៏បានចេញផ្សាយការអាប់ដេតចំពោះម៉ូដែល AI ដ៏ល្បីរបស់ខ្លួនផងដែរ ដែលវាបានអះអាងថាអាចដំណើរការបានល្អជាងកម្មវិធី ChatGPT របស់ OpenAI ផងដែរ ដោយសារតែវាអាចយល់ និងឆ្លើយតបទៅនឹងសួរនាំដ៏ស្មុគស្មាញជាច្រើន៕