អូស្ត្រាលី និង យូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទាន ដើម្បីគាំទ្រកម្ពុជាឆ្ពោះទៅរកការគ្មានមីននៅឆ្នាំ២០៣០

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី លោក លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា រួមជាមួយ លោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី Alissar Chaker តំណាង​ យូអិនឌីភី ប្រចាំ​នៅ​កម្ពុជា។

លោក លី ធុជ បានមានប្រសាសន៍ថា អូស្ត្រាលី និង យូអិនឌីភី គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ដោយអូស្ត្រាលីបានផ្តល់ជំនួយជាង ១០០ លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្នុងនោះ ជាង ៣៥ លានដុល្លារអាមេរិកបានផ្តល់ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ លោកបានបន្តទៀតថា “ការគាំទ្រដ៏យូរអង្វែងរបស់ យូអិនឌីភី បានពង្រឹងវិស័យសកម្មភាពមីននៅកម្ពុជា បោសសម្អាតបានផ្ទៃដីទំហំ ៣៨៤ គីឡូម៉ែត្រក្រឡា និងប្រែក្លាយតំបន់គ្រោះថ្នាក់ទៅជាសហគមន៍ដែលរីកចម្រើន”។

លោក លី ធុជ បានលើកសរសើរកងកម្លាំងបោសសម្អាតមីននៅកម្ពុជា ដែលភាពក្លាហាន និងការលះបង់របស់ពួកគេមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់ប្រទេសជាតិ។ លោកក៏បានស្វាគមន៍កិច្ចប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលីក្នុងការផ្តល់ជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀតនូវចក្ខុវិស័យរួម របស់កម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោក ដេរីក យីប បានមានប្រសាសន៍ថា “អូស្ត្រាលីគឺជាដៃគូដ៏យូរអង្វែង និងមានមោទនភាពរបស់កម្ពុជា ដែលគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ ចាប់ពីឆ្នាំ ២០០៦មក មូលដ្ឋានគ្រឹះនៃភាពជាដៃគូនេះគឺគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ គម្រោងនេះមិនត្រឹមតែបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតមនុស្ស ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រជាជនកម្ពុជាកសាងអនាគតកាន់តែភ្លឺស្វាង»។

លោកស្រី Alissar Chaker មានប្រសាសន៍ថា “យូអិនឌីភី តែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូស្ត្រាលី លើគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីអោយប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជនអំពីហានិភ័យ និងគាំទ្រជនរងគ្រោះអោយទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាងជីវិតរបស់ពួកគេ។ យូអិនឌីភី នៅតែប្តេជ្ញាក្នុងរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម»។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល – ដំណាក់កាលទី៤ (២០២០-២០២៥) ដែលផ្តល់មូលនិធិដោយប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ យូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែក្នុងការបោសសម្អាតមីន ការអប់រំអំពីហានិភ័យដោយសារមីន និងជំនួយជនរងគ្រោះ។ ចាប់តាំងពីឆ្នាំ ២០០៦មក គម្រោងនេះ បានជួយសម្អាតផ្ទៃដីជាង ៣៨៤ គីឡូម៉ែត្រការ៉េ (ប្រហែលជាង ១២% នៃសមិទ្ធិផលទាំងមូលនៃវិស័យនេះ) ដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,២ លាននាក់។