ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដល់សប្បុរសជន ១៩រូប ក្នុងនោះរួមមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ ដែលមានគោរមវន្តឧកញ៉ា ចំនួន ១៦រូប។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រលេខ នស/រកត/០៧២៤/៨៩១ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងតាមសំណើរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យខាងលើ គោរមវន្តឧកញ៉ា ចំនួន ១៦រូប ដែលទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» រួមមាន៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ, អ្នកឧកញ៉ា គឹម ហ៊ាង, ឧកញ៉ា ស៊ាង លីម, អ្នកឧកញ៉ា ស៊ី ម៉េងឃៀង, អ្នកឧកញ៉ា ជៀម ផែន, អ្នកឧកញ៉ា ហៃ សុភារី, អ្នកឧកញ៉ា ជា ហាវ, អ្នកឧកញ៉ា គួន ធីតា, អ្នកឧកញ៉ា សៀ ដានីញ៉ែល, ឧកញ៉ា វិញ ឃេវិន, ឧកញ៉ា ផែ ឃាងលី, អ្នកឧកញ៉ា ឡុច សារ៉េត, ឧកញ៉ា ជឹម ឃាន, ឧកញ៉ា ហ្ចាក់គី សែចិន, ឧកញ៉ា សុខ នីន និងឧកញ៉ា លី ជេឌិន។
សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕