រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង(Walk Street) ពីថ្ងៃ១កុម្ភៈ តទៅ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤)រហូតដល់មុខព្រះបរម រាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) គឺធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវមួយចំនួន និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដូចបានជម្រាបជូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើងនេះផងដែរ។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល មានបំណងមកដើរកម្សាន្ត សូមមេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយ ផ្ទាល់ខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណេនាំឱ្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ហ្សាលីន