កម្ពុជា-ជប៉ុន ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន បានចូលជួបពិភាក្សាការងារជាមួយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើ ការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន។ លើសពីនេះ  ក៏សិក្សាពីឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុនផងដែរ។

សូមបញ្ជាក់ថា កន្លងមកប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការចាប់អារម្មណ៍ និងកំពុងវិនិយោគលើវិស័យស្វាយចន្ទី ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទីគួរឱ្យកត់សម្គាល់នៅកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានឱ្យដឹងថា កន្លងទៅកម្ពុជាមិនអាចផលិតគ្រាប់ស្វាយចន្ទីដើម្បីបំពេញតម្រូវការជប៉ុនបានទេ ដោយសារជប៉ុនត្រូវការច្រើន ខណៈកម្ពុជាផលិតបានតិចតួចនៅឡើយ។

​ចំំណែកឯម្រេចវិញ បច្ចុប្បន្នម្រេច​កំពតកម្ពុជា​​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេសដូចជា កូរ៉េ ចិន ជប៉ុន អឺរ៉ុប អា​មេ​រិ​ក ជាដើម។ គិតក្នុងឆ្នាំ២០២៤ កម្ពុជា​រកចំណូលពីការ​នាំ​ចេញ​ម្រេច​ទៅ​អន្តរជាតិ​ប្រមាណ ​៣៥,២៧​លាន​ដុល្លារ​ កើនឡើង​ជាង​១៣១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣ ដែលមានទឹកប្រាក់​១៥,២៣ លាន​ដុល្លារ​៕