គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ សម្រេចបាន៣២%ហើយ ខណៈផ្លូវនេះ​ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួម៣២,០១% ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានបន្តថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ) ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ) លូរំដោះទឹកភ្លៀង លូរំដោះទឹកកខ្វក់ និងជាបរិក្ខារចរាចរណ៍នានា។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវជាតិលេខ៧ ជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។

កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ៕