ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota Motor កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ការលក់រថយន្តរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤ កន្លងទៅ មានចំនួនសរុបដល់ទៅ ១០,៨ លានគ្រឿង ដោយចំនួននេះ បានធ្វើឲ្យពួកគេនៅតែរក្សាតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់បំផុតរបស់ពិភពលោក សម្រាប់រយ:ពេល ៥ឆ្នាំជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទោះបីជារក្សាតំណែងកំពូលនេះក៏ដោយ តែក្រុមហ៊ុន Toyota បានប្រកាសពីការធ្លាក់ចុះ ៣,៧% នៃការលក់របស់ខ្លួននៅទូទាំងពិភពលោកកាលពីឆ្នាំមុន ដោយរួមបញ្ចូលទាំងការលក់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Daihatsu និងរថយន្តដឹកទំនិញ Hino Motors ផងដែរ។
គួរឲ្យដឹងថា ការថយចុះនេះ បានកើតឡើងដោយដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់នៅក្នុងប្រទេសជប៉ុន ដែលក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សនេះ បានប្រឈមមុខនឹងបញ្ហាផ្នែកច្បាប់ជុំវិញនីតិវិធីធ្វើតេស្តវិញ្ញាបនប័ត្រ ជាពិសេសនៅក្នុងក្រុមហ៊ុន Daihatsu ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen Group ដែលជាគូប្រជែងលំដាប់ទីពីរ នៅដើមខែនេះក៏បានរាយការណ៍ពីការធ្លាក់ចុះ ២,៣% នៃការលក់នៅទូទាំងពិភពលោករបស់ខ្លួនកាលពីឆ្នាំមុនផងដែរ មកនៅត្រឹមតែជាង ៩លានគ្រឿង ដោយសារក្រុមហ៊ុនព្យាយាមកាត់បន្ថយការចំណាយនៅរោងចក្រក្នុងស្រុក និងប្រកួតប្រជែងទៅនឹងសង្គ្រាមតម្លៃ នៅក្នុងទីផ្សារសំខាន់របស់ប្រទេសចិន។
ជារួមមកការលក់រថយន្តសម្រាប់តែក្រុមហ៊ុនមេ Toyota ដែលរាប់បញ្ចូលទាំងម៉ាកយីហោប្រណីត Lexus របស់ខ្លួន នៅក្នុងឆ្នាំ២០២៤ បានធ្លាក់ចុះ ១,៤% ធៀបនឹងឆ្នាំ២០២៣ មុន មកនៅត្រឹមចំនួនសរុប ១០,២ លានគ្រឿង ខណ:ការថយចុះនេះកើតឡើងដោយសារតែការធ្លាក់ចុះចំនួនលក់នៅក្នុងទីផ្សារប្រទេសជប៉ុនផ្ទាល់តែម្តង៕