លោក ត្រាំ កំពុងស្នើឲ្យ Elon Musk នាំយកអវកាសយានិកពីររូបដែលជាប់គាំងនៅក្នុង​​លំហ​ ត្រលប់មកផែនដីវិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានស្នើសុំឲ្យក្រុមហ៊ុនម្ចាស់ SpaceX របស់មហាសេដ្ឋី Elon Musk នាំយកអវកាសយានិកពីររូបរបស់អង្គការ NASA ដែលកំពុងជាប់គាំងនៅលើលំហ ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តាមរយ:ការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៩ ខែមករា លោក ត្រាំ បានសរសេរថា ៖”ខ្ញុំទើបតែបានស្នើឲ្យ Elon Musk និង SpaceX នាំយកលោក Butch Wilmore និងអ្នកស្រី Suni Williams ត្រលប់មកផ្ទះវិញ”។ លោកបានបន្ថែមទៀថា អវកាសយានិកដ៏ក្លាហានទាំងពីររូបនេះ ត្រូវបានបោះបង់ចោលដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ហើយពួកគេបានរង់ចាំជាច្រើនខែនៅក្នុងស្ថានីយអវកាស។ ប៉ុន្តែខ្ញុំរំពឹងថា លោក Musk នឹងធ្វើសកម្មភាពដើម្បីជួយយកពួកគេត្រលប់មកផែនដីវិញ ក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងផងដែរថា លោក Wilmore និងអ្នកស្រី Williams គឺជាអវកាសយានិកដ៏ឆ្នើមបំផុតពីរូបរបស់អង្គការ NASA ដែលបានធ្វើដំណើរទៅទីអវកាស កាលពីក្នុងខែមិថុនា ឆ្នាំ២០២៤ មកម្លេះ តាមរយ:យាន Starliner របស់ក្រុមហ៊ុន Boeing។ ដំបូងឡើយ អវកាសយានិកពីររូបនេះ ត្រូវបានគេរំពឹងថានឹងស្នាក់នៅលើស្ថានីយ៍អវកាសអន្តរជាតិរយ:ពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមិនបានត្រឡប់មកបានត្រលប់មកផែនដីវិញនោះទេ ដោយសារតែបញ្ហាបច្ចេកទេសមួយចំនួន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម NASA បានបញ្ជាក់ថាទាំងលោក Wilmore និងអ្នកស្រី Williams មិនបានជាប់គាំងនៅទីអវកាសនោះទេ ដោយពួកគេអាចត្រលប់មកផែនដីវិញ នៅពេលណាក៏បាន ប៉ុន្តែសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់អវកាសយានិកទាំងពីររូបនៅក្នុងពេលនេះ អាចបណ្តាលឲ្យស្ថានីយអវកាសខ្វះបុគ្គលិក ហើយប៉ះពាល់យ៉ាងខ្លាំងដល់បេសកកម្មថែទាំ និងស្រាវជ្រាវ។

ទន្ទឹមនឹងនេះ យោងតាមកាសែត The Guardian បានឲ្យដឹងទៀតថា អតីតប្រធានាធិបតី លោក បៃដិន ក្នុងអំឡុងពេលលោកកាន់តំណែង ក៏ធ្លាប់បានបញ្ជាឲ្យ NASA ចាប់ដៃសហការជាមួយ SpaceX ដើម្បីនាំយកអវកាសយានិកពីររូបខាងលើត្រឡប់មកផែនវិញ តាមរយ:យានអវកាស Crew-10 របស់ SpaceX ផងដែរ។ ប៉ុន្តែ NASA បាននិយាយនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ថា ការបាញ់បង្ហោះយាន Crew-10 ត្រូវបានពន្យារពេល ដោយសារតែ SpaceX ត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំ៕