យោងតាមសារព័ត៌មាន Financial Times បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន SoftBank កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីបោះទុនវិនិយោគរហូតដល់ទៅ ២៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន OpenAI ដែលបង្កើតបញ្ញាសិប្បនិម្មិត ChatGPT។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា SoftBank អាចនឹងវិនិយោគចន្លោះពី ១៥ពាន់លានដុល្លារ ទៅ ២៥ពាន់លានដុល្លារដោយផ្ទាល់ទៅក្នុង OpenAI ដែលជាក្រុមហ៊ុនគាំទ្រដោយ Microsoft ខណ:កន្លងមកក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ ក៏បានសន្យាបោះទុនប្រមាណ ១៥ពាន់លានដុល្លារ ទៅលើ Stargate ផងដែរ។
គួរឲ្យដឹងផងដែរថា Stargate គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីមួយ រវាង OpenAI និង Softbank ជាមួយនឹងទុនវិនិយោគសរុបដល់ទៅ ៥០០ពាន់លានដុល្លារឯណោះ ដើម្បីជួយសហរដ្ឋអាមេរិកបន្តនាំមុខទៅលើប្រទេសចិន និងគូប្រជែងផ្សេងទៀត នៅក្នុងការប្រកួតប្រជែងទៅលើបច្ចេកវិទ្យា AI សកល។
ការបណ្តាក់ទុនទៅលើ Stargate នេះ ត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្របពេលមានការចូលរួមដោយនាយកប្រតិបត្តិ SoftBank លោក Masayoshi Son, នាយកប្រតិបត្តិ OpenAI លោក Sam Altman និងប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ផងដែរ នៅឯសេតវិមាន កាលពីសប្តាហ៍មុន។
ជម្រាបជូនផងដែរថា ការប្តេជ្ញាចិត្តចុងក្រោយនេះ បានកើតឡើងចំពេលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ហាក់កំពុងប្រឈមមុខទៅនឹងការធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួន បន្ទាប់ពី DeepSeek ដែលជាក្រុមហ៊ុនបង្កើតថ្មីរបស់ចិន កំពុងវាយលុយទីផ្សារសកលយ៉ាងខ្លាំង ជាមួយនឹងការដាក់ចេញជំនួយការ AI ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ដែលត្រូវបានគេដឹងថាមានសមត្ថភាពខ្លាំងជាង ChatGPT និងត្រូវបានដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ ផងដែរ៕