ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារ២១ គាំទ្រការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ទាក់ទាញវិនិយោគ គាំទ្រការនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារអន្តរជាតិចំនួន២១ ដើម្បីជំរុញភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មលើកកម្ពស់ភាពអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ ដោយពង្រឹងសមាហរណកម្មកម្ពុជាទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាស្តង់ដារជាតិ បានបើកកិច្ចប្រជុំលើកទី៣០ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងអនុម័តស្តង់ដារសម្រាប់វិស័យផ្សេងៗ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយជាសមាជិកពេញសិទ្ធនៃអង្គការស្តង់ដារអន្តរជាតិ (ISO) ។

កិច្ចប្រជុំនេះ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារជាតិ (CS)។ ស្តង់ដារទាំងនោះរួមមាន៖ ស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់ ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវនិងស្រាអង្ករ ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន ស្ដង់ដារ UNECE ចំនួន៥ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត និងស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា៖ “ក្រុមប្រឹក្សាស្តង់ដារជាតិបានបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យនានារបស់សេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។”

ក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពសេវាមន្ទីរពិសោធន៍នានានៅក្នុងប្រទេស ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍស្តង់ដារ តាមរយៈការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានរបស់មន្ទីរពិសោធន៍ទូទាំងប្រទេស ព្រមទាំងការបង្កើតយន្តការសម្របសម្រួលនិងដោះស្រាយបញ្ហាក្នុងចំណោមមន្ទីរពិសោធន៍នានា។

លោក ហែម វណ្ណឌី ក៏បានលើកឡើងពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់សម្រាប់មន្ទីរពិសោធន៍ទាំងអស់ និងកិច្ចសហការ រួមទាំងភាពជាដៃគូជាមួយមន្ទីរពិសោធន៍ឯកជនដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។

លោកបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នឹងស្នើឱ្យកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO ក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រឹងតួនាទី និងសិទ្ធិរបស់កម្ពុជា រួមទាំងសិទ្ធិបោះឆ្នោត និងការតវ៉ាផ្សេងៗ ចំពោះស្តង់ដារ និងបទប្បញ្ញត្តិដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។

បន្ថែមពីលើស្តង់ដារទាំង ២១ ដែលត្រូវបានអនុម័តនៅថ្ងៃនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារចំនួន ៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ កាលពីខែធ្នូ ឆ្នាំ២០២៤។បញ្ជីស្តង់ដារដែលបានអនុម័តទាំងអស់ត្រូវបានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរក និងលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារទាំងនេះ៕