មេដឹកនាំកាណាដា និងម៉ិកស៊ិក ប្រកាសដំឡើងពន្ធលើទំនិញអាមេរិកវិញ ដើម្បីជាការសងសឹកទៅនឹងលោក ត្រាំ

អន្តរជាតិ

ប្រទេសកាណាដា និងម៉ិកសិក បានប្រកាសចេញវិធានការដំឡើងពន្ធថ្មីទៅលើទំនិញនាំចូលពីសហរដ្ឋអាមេរិកវិញ ដើម្បីជាការសងសឹក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យយកពន្ធ ២៥% លើទំនិញរបស់ប្រទេស​ក្បែរ​ខាងទាំងពីរ ដោយចូលជាធរមានកាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភ:តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox Business។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសរបស់ខ្លួន នឹងដាក់ពន្ធ ២៥% ដូចគ្នា ដើម្បីប្រឆាំងនឹងការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកជាច្រើន រួមទាំងគ្រឿងស្រវឹង ភេសជ្ជ: ផ្លែឈើ រហូតដល់សម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ខណ:ទំនញទាំងនោះគិតជាទឹកប្រាក់អាចស្មើនឹង ១៥៥ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Trudeau បានព្រមានពីការឈឺចាប់ផ្នែកសេដ្ឋកិច្ចដោយសារតែច្បាប់ពន្ធគយថ្មីនេះ និងបានលើកទឹកចិត្តប្រជាជនកាណាដា ឲ្យជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់កាណាដា ជាជាងរបស់អាមេរិក។ យ៉ាងណាក៏ដោយ លោក នៅតែបានបង្ហាញសុទិដ្ឋិនិយមក្នុងការបន្តរក្សាទំនាក់ទំនងយូរអង្វែង រវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះផងដែរ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ក៏បានបញ្ជាឲ្យដាក់ចេញវិធានាដំឡើងពន្ធប្រឆាំងទៅលើទំនិញរបស់សហរដ្ឋអាមេរិកវិញ ផងដែរ ដោយបានណែនាំឲ្យលេខាធិការសេដ្ឋកិច្ចម៉ិកស៊ិក ដើម្បីអនុវត្តវិធានការឆ្លើយតបដែលរួមបញ្ចូលពន្ធសងសឹក និងវិធានការផ្សេងទៀត។

លោកស្រី Sheinbaum បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ថា៖”យើងច្រានចោលទាំងស្រុងនូវការបង្កាច់បង្ខូចរបស់សេតវិមានដែលថារដ្ឋាភិបាលម៉ិកស៊ិកមានសម្ព័ន្ធភាពជាមួយអង្គការឧក្រិដ្ឋជន ក៏ដូចជាចេតនាណាមួយនៃការជ្រៀតជ្រែកចូលក្នុងទឹកដីរបស់យើង”។ លោកស្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា រដ្ឋាភិបាលលោកស្រី មិនមានបំណងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ ប៉ុន្តែចង់បានកិច្ចសហប្រតិបត្តិការ និងការសន្ទនា។

ជម្រាបជូនផងដែរថា សេចក្តីប្រកាសរបស់មេដឹកនាំកាណាដា និងម៉ិកស៊ិក ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ បន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ៣ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធ ២៥% លើទំនិញនាំចូល​ពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំង ១០% បន្ថែមទៀត លើទំនិញនាំចូលពីប្រទេសចិន៕