ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថាខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជាតិ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចេញបទបញ្ជាស្តីពីការយកពន្ធគយថ្មី ទៅលើទំនិញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃទី២ ខែកុម្ភៈនេះថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់ WTO ប្រឆាំងនឹងផែនការយកពន្ធ ១០% បន្ថែមដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក ត្រាំ លើទំនិញចិនទាំងអស់។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ខ្លួននឹងចាត់វិធានការតបតដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជាតិ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានរិះគន់យ៉ាងខ្លាំងទៅលើអាមេរិកចំពោះការដាក់ពន្ធគយជាឯកតោភាគី និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO ។ សកម្មភាពនេះ ត្រូវបានគេដឹងថា នឹងមិនអាចជួយដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកបាននោះទេ ប៉ុន្តែវានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិនបានអំពាវនាវឲ្យសហរដ្ឋអាមេរិកព្រមទទួលស្គាល់ និងដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងរបស់ខ្លួន រួមទាំងវិបត្តិលំហូរសារធាតុញៀន fentanyl ដោយមានគោលបំណង និងហេតុផល ជំនួសឲ្យការប្រើវិធានការបង្ខិតបង្ខំ ដូចជាការដាក់ពន្ធលើប្រទេសផ្សេងទៀត ។
មិនតែប៉ុណ្ណោះទីក្រុងប៉េកាំងបាននិយាយទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគួរតែកែតម្រូវកំហុសរបស់ខ្លួន និងការសម្របសម្រួល ក៏ដូចជាចូលរួមក្នុងកិច្ចសន្ទនាដោយស្មោះត្រង់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នាដោយផ្អែកលើសមភាព ការគោរពគ្នា និងរក្សាផលប្រយោជន៍ទៅវិញទៅមក។
ជម្រាបជូនផងដែរថា ការប្រកាសរបស់ប្រទេសចិននេះ ត្រូវបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាម បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ៣ ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធ ២៥% លើទំនិញប្រទេសកាណាដា និងម៉ិកស៊ិក និង ១០% បន្ថែមទៀត លើទំនិញប្រទេសចិន ដែលត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ ខែកុម្ភ:ម្សិលមិញនេះ៕