ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ បានឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង នៅខេត្តតាកែវ។
ក្នុងការដឹកនាំកម្លាំងចម្រុះបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ របស់ឯកឧត្តមអភិបាលខេត្តតាកែវ បានកាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង ៦អាងទឹក នៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
សូមជម្រាបជូនថា ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងដំណាំកញ្ឆានេះ យោងតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក៏បានចែងមិនអនុញ្ញាតឱ្យមានការដាំដុះដំណាំកញ្ឆានៅកម្ពុជាផងដែរ។
ជុំវិញរឿងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានប្រកាសមិនអនុញ្ញាតឱ្យមានការដាំដុះកញ្ឆានៅកម្ពុជានោះឡើយ ហើយក៏បានផ្តាំផងដែរទៅអ្នកវិនិយោគ ដែលចង់វិនិយោគដាំកញ្ឆានៅកម្ពុជា ដោយកម្ពុជាមិនអនុញ្ញាតឱ្យវិនិយោគនោះឡើយ៕