នៅលើបណ្ដាញសង្គម Tik Tok កាន់តែពេញនិយមសម្រាប់មនុស្សម្នាលេងកម្សាន្តជាមួយបទចម្រៀងល្បីៗ ដូចយ៉ាងកុមារីម្នាក់ដែលមានវ័យខ្ទង់ប្រមាណ៦-៧ឆ្នាំ បាន និងកំពុងទទួលការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ក្រោយរូបនាងចេញមកច្រៀងលេងបទ “ចង់សុំ Wifi” របស់លោក ខេម និង តន់ ចន្ទសីម៉ាមានអ្នកទស្សនាជិត 6 លាននាក់អ្នកឱ្យបេះដូង 77 ម៉ឺន 3 ពាន់នាក់។
កុមារីរូបនេះ ត្រូវបានគេដឹងថា ជាអ្នកមានទេពកោសល្យសិល្បៈមិនធម្មតា ដូច្នេះហើយ ជារឿយៗ គេឃើញវីដេអូសិល្បៈរបស់គេត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គមបន្តបន្ទាប់។ មានបទចម្រៀងជាច្រើនត្រូវបានកុមារីមិនទាន់ស្គាល់ឈ្មោះនេះ យកមកច្រៀង ក៏ដូចជាបញ្ចេញទេពកោសល្យ។ យ៉ាងណាក្នុងចំណោមនោះ មានតែ១បទប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ជាងគេបំផុត។
នោះគឺឃ្លិបចម្រៀងខ្លីបទ “ចង់សុំ Wifi” របស់លោក ខេម និង តន់ ចន្ទសីម៉ា។ វីដេអូនេះ ត្រូវបានបង្ហោះចូលលើបណ្ដាញសង្គមរបស់ចិន ដោយយុវតីម្នាក់ជាម្ដាយមីងកុមារី កាលពីពាក់កណ្ដាលខែកក្កដា រួមជាមួយវីដេអូជាច្រើនទៀត។ យ៉ាងណាក៏ដោយ ឃ្លិបចម្រៀងខាងលើនេះ ទទួលបានអ្នកមើលយ៉ាងគំហុក គិតមកដល់បច្ចុប្បន្នមានចំនួន ជិត៦លានដងមកហើយ។
មិនត្រឹមប៉ុណ្ណឹង នៅមានអ្នកចុច Like ច្រើនជាងគេថែមទៀត ដល់ទៅ ជិត១លាន និង Comment ជិត ៣ពាន់ថែមទៀត ដែលភាគច្រើន គឺសរសើរកុមារីថា ឆ្លាត មានភាពក្លាហាន និងមានទេពកោសល្យសិល្បៈល្អមិនធម្មតាថែមទៀត។
ងាកទៅបទ “ចង់សុំ Wifi” ដើមរបស់តារាចម្រៀងស្រីប្រុសមួយគូខាងលើ ក៏មានការពេញនិយមខ្លាំងសម្បើមដែរ។ បន្ទាប់ពីបានចេញផ្សាយនៅលើឆាណែលយូធូបរបស់ Galaxy Navatra កាលពីពាក់កណ្ដាលខែកក្កដា ២០២០ រហូតមកដល់ពេលនេះ មានតួលេខចុចចូលទស្សនាដល់ទៅ ២៤លានដងរួចមកហើយ។ តួលេខនេះ ខ្ពស់បំផុតក្នុងចំណោមបទចម្រៀងឆ្លងឆ្លើយរបស់ផលិតកម្មខាងលើ។