លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញកំពុងត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់ដ៏ល្អមួយ ដើម្បីជាជម្រើសឲ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកំសាន្ត ក្នុងទីតាំងដែលមានដើមឈើនោះ។
លោកអភិបាលបានលើកឡើងបែបនេះក្នុងដំណើរចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ដោយយកកំណាត់ផ្លូវព្រះស៊ីសុវត្ថិធ្វើជាគោលដៅផ្ទាល់ ខណៈកាលពីល្ងាចថ្ងៃទី០១ កុម្ភៈ គឺជាថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការសាកល្បងគម្រោងផ្លូវថ្មើរជើង (walk street) ជាលើកដំបូង។
ក្នុងដំណើរចុះពិនិត្យនេះ លោកបានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូធាមួយកំរិតហើយ។
លោកបានថ្លែងថា «រាជធានីភ្នំពេញកំពុងត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់ដ៏ល្អមួយដើម្បីជាជម្រើសឲ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកំសាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ ក៏ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃរស់នៅក្នុងភាពស៊ីវិល័យហើយ»។
ដោយលោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕