បាំងតែជាង១ខែទៀតប៉ុណ្ណោះ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រសម្រេចការសាងសង់ ៩៣%ហើយ មានន័យថាស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
លោ ផន រឹម បន្តថា ស្ពានលេខ២៨ គឺជាផ្នែកមួយ នៃគម្រោងផ្លូវជាតិលេខ១០(អតីតផ្លូវជាតិ១៥៥១) លាតសន្ធឹងពីស្រុកសំឡូតខេត្តបាត់ដំបង, ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងក្រុងខេមរភូមិន្ទ។
លោកបន្តទៀតថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០នេះផងដែរ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នសម្រេចការសាងសងជារួមបានជាង៩៦%ហើយ។
គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕
រូបភាព៖ លោក ផន រឹម