សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានគំរាមឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះផែនការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយប្តេជ្ញាថាប្លុកនេះ នឹងសងសឹកពេញទំហឹងប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិតជាប្រកាសដាក់ពន្ធលើទំនិញរបស់ខ្លួននាពេលខាងមុខនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិកំពូលរបស់សហភាពអឺរ៉ុប បាននិយាយថា ៖”EU សោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន។ ពន្ធនេះនឹងបង្កើនការចំណាយសម្រាប់អាជីវកម្ម ប៉ះពាល់ដល់អ្នកប្រើប្រាស់ បង្កឲ្យមានការរំខានសេដ្ឋកិច្ចមិនចាំបាច់ និងបង្កើនអតិផរណា ដែលធ្វើឲ្យខាតបបង់ដល់គ្រប់ភាគីទាំងអស់”។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណៈកម្មាការអឺរ៉ុបបានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និង EU គឺធំជាងគេលើពិភពលោក ដោយបញ្ជាក់ថា EU នៅតែប្តេជ្ញារក្សាអត្រាពន្ធទាប ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាពក្នុងក្របខ័ណ្ឌដ៏រឹងមាំ ពាក់ព័ន្ធទៅនឹងប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់។
តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះក៏បានព្រមានថា EU នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់កាតព្វកិច្ចពន្ធមិនយុត្តិធម៌ ឬតាមអំពើចិត្ត លើទំនិញរបស់ប្លុកនេះ។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបន្ថែមទៀតថា នៅពេលនេះ សហភាពអឺរ៉ុបមិនបានដឹងពីដាក់ពន្ធបន្ថែមណាមួយដែលត្រូវបានធ្វើឡើងដោយអាមេរិកនៅឡើយនោះទេ។
ជម្រាបជូនផងដែរថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាឲ្យដំឡើងពន្ធ ២៥% លើការនាំចូលលើទំនិញពីកាណាដា ម៉ិកស៊ិក និងពន្ធ ១០% បន្ថែមទៀតលើទំនិញទាំងអស់របស់ប្រទេសចិន ដែលត្រូវបានចូលជាធរមានកាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភ:កន្លងទៅ៕