តៃវ៉ាន់ ហាមឃាត់មន្ត្រីរដ្ឋាភិបាលរបស់ខ្លួនមិនឲ្យប្រើ DeepSeek ព្រោះបារម្ភ​អំពី​សុវត្ថិភាព

អន្តរជាតិ

ក្រសួង​ឌីជីថល​របស់​តៃវ៉ាន់​ បាន​ណែនាំ​ដល់​នាយកដ្ឋាន​រដ្ឋាភិបាលរបស់ខ្លួន​ទាំងអស់មិនឲ្យ​ប្រើប្រាស់​សេវា​បញ្ញា​សិប្បនិម្មិត​របស់ក្រុមហ៊ុនចិន DeepSeek នោះឡើយ ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពីបញ្ហា​សុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការ​ព្រមាន​នេះ​ ត្រូវបានធ្វើឡើងចំពេលមានការ​ភ័យ​ខ្លាច​ជា​បន្ត​បន្ទាប់​អំពី​បច្ចេកវិទ្យា​របស់​ចិន ចំពេលកំពុងមានការដាក់សម្ពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលទីក្រុង​ក្រុង​ប៉េកាំង​ជុំវិញ​កោះ​តៃវ៉ាន់ និង​ការ​គំរាម​កំហែង​ទាំងផ្នែក​នយោបាយ និង​យោធា។

អាជ្ញាធរតៃវ៉ាន់ បានលើកឡើងពីហានិភ័យដែលអាចកើតមានពីការបញ្ជូនទិន្នន័យឆ្លងព្រំដែន និងការលេចធ្លាយព័ត៌មាន ដោយសង្កត់ធ្ងន់ទៅលើកម្មវិធីបញ្ញាសិប្បនិម្មិតថ្មីរបស់ DeepSeek ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ទន្ទឹមនឹងនេះ ក្រសួង​ឌីជីថល​របស់​តៃវ៉ាន់បាន​សន្យាថា​នឹងតាមដាន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​កែសម្រួល​គោលនយោបាយ​សន្តិសុខ​ផ្សេងឲ្យស្រប​តាម​ច្បាប់របស់ខ្លួន។

ជាមួយគ្នានេះផងដែរ មិនត្រឹមតែតៃវ៉ាន់ប៉ុណ្ណោះទេ អង្គការឃ្លាំមើលឯកជនភាពរបស់ប្រទេសកូរ៉េខាងត្បូង ក៏កំពុងស៊ើបអង្កេតលើការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ DeepSeek ផងដែរ ស្របពេលនិយតករអ៊ឺរ៉ុបប្រចាំនៅប្រទេសបារាំង អ៊ីតាលី និងអៀរឡង់ ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតស្រដៀងគ្នានេះ ទៅនឹងការ​គំរាម​កំហែងណាមួយដែលអាចកើតមានឡើងជុំវិញកម្មវិធី AI ថ្មីរបស់ចិននេះផងដែរ​​។

ជម្រាបជូនផងដែរថា ជំនួយការ AI ថ្មីរបស់ DeepSeek កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយបានវ៉ាដាច់កម្មវិធី AI របស់អាមេរិក ChatGPT ក្នុងការទាញយកនៅលើ AppStore របស់ Apple ផងដែរ។ ហើយមិនតែប៉ុណ្ណោះ ការបញ្ចេញកម្មវិធី AI ថ្មីរបស់ក្រុមហ៊ុនចិននេះ ក៏បានបណ្តាលឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Nvidia ធ្លាក់ចុះអស់ចំនួនប្រមាណជិត ៦០០ពាន់លានដុល្លារ ត្រឹមរយ:ពេលតែមួយថ្ងៃផងដែរ៕