មេធំក្រុមហ៊ុន Nvidia ស្កាត់ជួបពិភាក្សាជាមួយលោក ត្រាំ ចំពេលមានភាពតឹងលើវិស័យ AI

អន្តរជាតិ

លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីក្រុមហ៊ុនខ្លួនទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការប្រកួតប្រជែងជាមួយប្រទេសចិន និងការគំរាមកំហែងនៃពន្ធលើបន្ទះឈីប Semiconductors ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងកិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលនោះ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បាននិយាយថា ​៖”យើងបានកោតសរសើរចំពោះឱកាសដ៏ពិសេសដើម្បីជួបជាមួយប្រធានាធិបតី លោក ត្រាំ និងពិភាក្សាអំពីបន្ទះឈីប Semiconductors និងគោលនយោបាយផ្សេងៗពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI” ។ Jensen និងប្រធានាធិបតីអាមេរិក បានពិភាក្សាគ្នាច្រើន អំពីសារៈសំខាន់នៃការពង្រឹងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំលើបច្ចេកវិទ្យា AI” ។

ជាមួយគ្នានេះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា៖”វាគឺជាកិច្ចប្រជុំដ៏ល្អមួយ ប៉ុន្តែនៅទីបំផុតយើងនឹងនៅតែបន្តដាក់ពន្ធគយបន្ថែមទៅលើការនំាចូលបន្ទះឈីបដដែល”។

គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់បានប្រកាសថា លោកនឹងដាក់ពន្ធលើការនាំចូលបន្ទះឈីបកុំព្យូទ័រទៅកាន់សហរដ្ឋអាមេរិក ខណ:វាត្រូវបានគេរំពឹងថានឹងប៉ះពាល់យ៉ាងខ្លាំងទៅលើអាជីវកម្មរបស់ក្រុមហ៊ុន Nvidia ដែលពឹងផ្អែកលើសមាសធាតុនាំចូល ដែលភាគច្រើនមកពីតៃវ៉ាន់។

យ៉ាងណាមិញ ជុំវិញផែនការរឹតបន្តឹងនេះ បានស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងសប្តាហ៍នេះ ជាពិសេសនៅពេលដែលក្រុម DeepSeek របស់ចិន បានដាក់ចេញនូវជំនួយការ AI ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ដែលកំពុងវាយលុយយ៉ាងខ្លាំងទៅក្នុងទីផ្សារសកល និងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗជាច្រើន ធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស។

ជម្រាបជូនផងដែរថា បន្ទាប់ពីរបកគំហើញថ្មីរបស់ DeepSeek នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថារដ្ឋបាលរបស់លោក ត្រាំ កំពុងស្វែងរកវិធីដើម្បីពង្រីកការរឹតបន្តឹងបន្ថែមទៀតចំពោះការនាំចេញបន្ទះឈីបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nvidia ។ ម៉ូដែល AI ថ្មីរបស់ DeepSeek បានធ្វើឲ្យភាគហ៊ុនរបស់ Nvidia ធ្លាក់ចុះយ៉ាងខ្លាំង កាលពីដើមសប្តាហ៍មុន ដោយធ្វើឲ្យពួកគេបាត់បង់តម្លៃទីផ្សារជិត ៦០០ពាន់លានដុល្លារ ត្រឹមរយ:ពេលមួយថ្ងៃប៉ុណ្ណោះ៕​