ប្រទេសកម្ពុជានៅតែបន្តបើកទ្វារទទួលស្វាគមន៍ដល់បណ្តាអ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម។ នេះជាការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក ឌិត ទីណា បានស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ លោកក៏បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។
លោករដ្ឋមន្រ្តីកសិកម្មក៏បានគូសបញ្ជាក់ថា «កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់»។
សូមជម្រាបជូនថា កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។
ការពង្រីកការវិនិយោគលើវិស័យកសិកម្ម គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសលើការកែច្នៃផលិតផលប្រកបដោយគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងតែទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើវិស័យកសិកម្មនេះនៅកម្ពុជាផងដែរ៕