ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត កាលពីពេលថ្មីៗនេះ បានបង្ហាញពីក្តីព្រួយបារម្ភចំពោះការនាំចូលផ្លែទុរេនពីវៀតណាម មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ដែលអាចនឹងមានផលប៉ះពាល់ដល់កត្តាសុខភាពរបស់ប្រជាពលរដ្ឋ និងទីផ្សារទុរេនក្នុងស្រុក បន្ទាប់ពីប្រទេសចិនបានបង្កើនការរឹតបន្តឹងការត្រួតពិនិត្យចំពោះការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង។
កាលពីចុងសប្តាហ៍កន្លងទៅ សារព័ត៌មានក្នុងស្រុកវៀតណាមមួយ បានចុះផ្សាយអំពីផ្លែទុរេនរបស់វៀតណាម បានជោរជន់ និងធ្លាក់ថ្លៃខ្លាំង មកនៅត្រឹម១,៦ដុល្លារប៉ុណ្ណោះ (ជាង៦ពាន់រៀល) ក្នុងមួយគីឡូក្រាមនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារការពន្យារពេលដឹកឆ្លងដែនចូលទៅក្នុងប្រទេសចិន ព្រោះតែចិនកំពុងរឹតបន្តឹងការត្រួតពិនិត្យបន្លែផ្លែឈើនាំចូលពីប្រទេសជិតខាងមួយនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧកញ៉ា ចាន់ ស៊ីថា បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែផ្លែទុរេនពីវៀតណាម បានហូរចូលមកលក់នៅក្នុងទីផ្សារកម្ពុជាជាច្រើន ក្នុងមួយឆ្នាំៗ។ យ៉ាងណាមិញ ប្រសិនមានការហូរចូលទុរេនពីប្រទេសជិតខាងច្រើនក្នុងតម្លៃទាប និងខ្វះការត្រួតពិនិត្យឱ្យបានច្បាស់លាស់ លោកឧកញ៉ាយល់ថានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងតម្លៃទីផ្សាររបស់ទុរេនក្នុងស្រុក និងអាចបង្ករផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។
លោកឧកញ៉ា ចាន់ ស៊ីថា បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នទុរេនដែលដាំដុះនៅក្នុងស្រុក ពុំទាន់ដល់រដូវកាលប្រមូលផលនៅឡើយទេ ឬអាចមានទុរេនខុសរដូវក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះ ដូច្នេះប្រសិនជាមានទុរេនចរាចរលក់នៅលើផ្សារ នោះភាគច្រើនជាទុរេននាំចូលពីក្រៅ។
គួររំឭកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលព័ត៌មានថា មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង និងអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕