កម្ពុជា ស្នើក្រុមហ៊ុនជប៉ុនឱ្យបង្កើនកិច្ចសហការជាមួយសហគមន៍ដាំដុះថ្នាំជក់ ដើម្បីពង្រីកទីផ្សារនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅកាន់ក្រុមហ៊ុនជប៉ុន Japan Tobacco International (JTI) ឱ្យបង្កើនកិច្ចសហការជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែមទៀត។សម្តេចតេជោ ជំរុញបែបនេះនៅក្នុងជំនួបពិភាក្សារវាងសម្តេចជាមួយ លោក អេឌី ពីរ៉ាដ (Eddy Pirard) អគ្គនាយកក្រុមហ៊ុន JTI កាលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Eddy Pirard បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានវត្តមាននៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ និងបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក។ សម្តេចតេជោ ក៏បានជំរុញក្រុមហ៊ុន គួរសហការណ៍ជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សា បង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បីធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ។

បន្ថែមពីនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម តាមរយៈជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធន៍ជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជាថែមទៀត។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JT Group ដែល មានភាគហ៊ុន៣៣% កាន់កាប់ដោយរដ្ឋាភិបាលជប៉ុន ហើយក្រុមហ៊ុននេះ ក៏មានអាជីវកម្មលើផ្នែកផ្សេងទៀតក្រៅពីឧស្សាហកម្មថ្នាំជក់ ដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏កំពុងមានវត្តមាននៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយផងដែរ៕ អត្ថបទ៖ ហ្សាលីន