ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែសំបូរបែប និងមានគុណភាពស្តង់ដាររឹងមាំ សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ច។
នេះបើយោងតាមប្រសាសន៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១. ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវា លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧។
ទន្ទឹមគ្នានេះ លោកថា ក្រសួង ក៏បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដូចជា ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាពីផ្លូវគោក ដែលជាសមិទ្ធផលមានស្រាប់ភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវដែក និងផ្លូវទឹក គឺជាគម្រោងដ៏សំខាន់ដែលក្រសួងត្រូវយកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះ។
គួរបញ្ជាក់ដែរថា ដើម្បីឈានទៅសម្រេចចក្ខុវិស័យដែលបានដាក់ចេញខាងលើនេះ ក្រសួងសារធាណការ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធររួមសហការគ្នា ដើម្បីជម្នះនូវរាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីឈានទៅអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជាកាន់តែប្រសើរឡើង៕ អត្ថបទ៖ ហ្សាលីន