ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្រេចពន្យារពេលលើការដាក់ពន្ធនាំចូលទំនិញលើប្រទេសម៉ិកស៊ិក និងកាណាដា រយ:ពេល ១ខែសិន បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយចំនួន ស្តីពីការរឹតបន្តឹងព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅ លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនថា លោកនឹងពន្យាពេលកំណត់សម្រាប់ផែនការដំឡើងពន្ធនាំចូលលើប្រទេសម៉ិកស៊ិកមួយខែ បន្ទាប់ពីប្រទេសនេះ បានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងព្រំដែនភាគខាងជើងរបស់ខ្លួន ដើម្បីបញ្ឈប់ការរត់ពន្ធ ជាពិសេសសារធាតុញៀនហ្វែនតានីល (Fentanyl) ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លាឌីអា ហ្សាញបាម (Claudia Sheinbaum) បាននិយាយថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការរត់ពន្ធអាវុធទៅកាន់ប្រទេសម៉ិកស៊ិកផងដែរ។ មេដឹកនាំទាំងពីរបាននិយាយគ្នាតាមទូរស័ព្ទ កាលពីថ្ងៃទី៣ ខែកុម្ភៈ ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលផែនការដំឡើងពន្ធរបស់អាមេរិក លើម៉ិកស៊ិក ចិន និងកាណាដាចូលជាធរមាន។
ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយថា ប្រទេសទាំងពីរនឹងពិភាក្សាអំពីបញ្ហាកាន់តែស៊ីជម្រៅផ្សេងៗបន្ថែមទៀត ក្នុងអំឡុងការផ្អាកយកពន្ធរយ:ពេលមួយខែនោះ។
ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក នឹងពន្យារពេលចំពោះការដំឡើងពន្ធនាំចូលលើប្រទេសរបស់លោករយៈពេលមួយខែដូចគ្នា។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រទេសកាណាដានឹងដាក់ពង្រាយបច្ចេកវិទ្យាទំនើបៗ និយោធាបន្ថែមទៀតនៅតាមព្រំដែនជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការរត់ពន្ធសារធាតុញៀន fentanyl ។
ជម្រាបជូនផងដែរថា សេចក្តីប្រកាសនេះទៀតសោត បានកើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានសម្រេចដាក់ពន្ធ ២៥% លើទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដា ដោយលើកឡើងពីក្តីបារម្ភអំពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន ស្របពេលប្រទេសចិនឯណោះវិញ ក៏ទទួលរងនូវការដំឡើងពន្ធ ១០% លើទំនិញទាំងអស់របស់ពួកគេ ពីសំណាក់រដ្ឋាភិបាលអាមេរិក ផងដែរ៕