ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបន្តអំពាវនាវឲ្យយប្រទេសកាណាដា ចូលរួមក្លាយជារដ្ឋទី៥១ របស់អាមេរិក ដើម្បីគេចផុតពីការដាក់ពន្ធលើទំនិញផ្សេងៗ និងទទួលបានសន្តិសុខយោធាកាន់តែប្រសើរឡើង ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
តាមរយ:ការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីពេលថ្មីៗនេះ លោក ត្រាំ បាននិយាយថា ៖”សហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់រយពាន់លានដុល្លារលើការឧបត្ថម្ភធនសម្រាប់ប្រទេសកាណាដា ដោយគ្មានហេតុផល។ បើគ្មានការឧបត្ថម្ភធំៗទាំងនេះទេ កាណាដានឹងមិនអាចក្លាយជាប្រទេសមួយបានទេ។ នោះគឺរឿងពិតមិនអាចប្រកែកបាន។ ដូច្នេះកាណាដាគួរតែក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ ប្រជាជនកាណាដានឹងចូលចិត្តការយកពន្ធទាបៗ ហើយសន្តិសុខយោធានឹងកាន់តែមានភាពប្រសើរ ជាពិសេសមិនមានពន្ធលើទំនិញតែម្តង”។
គួរឲ្យផងដែរថា លោក ត្រាំ ជារឿយៗតែងប្រើពាក្យ “ឧបត្ថម្ភធន” ដើម្បីសំដៅលើឱនភាពពាណិជ្ជកម្មជាមួយកាណាដា។ នៅឆ្នាំ២០២៣ ពាណិជ្ជកម្មទំនិញ និងសេវាកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា បានឈានដល់ ៩២៣ពាន់លានដុល្លារ ដោយក្នុងនោះសហរដ្ឋអាមេរិកបាននាំចេញទំនិញមានតម្លៃសរុបចំនួន ៤៤១ពាន់លានដុល្លារ ខណៈការនាំចូលមានចំនួន ៤៨២ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយនិយាយថា វាគ្មានផ្លូវណាមួយដែលកាណាដានឹងក្លាយជាផ្នែកនៃសហរដ្ឋអាមេរិកឡើយ។ ជាមួយគ្នានេះ ការស្ទង់មតិបានបង្ហាញថា ប្រជាជនកាណាដាភាគច្រើនមិនចង់ឲ្យប្រទេសរបស់ពួកគេក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកនោះទេ។
ជម្រាបជូនផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានសម្រេចចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដាក់ពន្ធ ២៥% លើទំនិញស្ទើរតែទាំងអស់ពីប្រទេសកាណាដា និងពន្ធ ១០% បន្ថែមមទៀតលើការនាំចូលថាមពលពីប្រទេសនេះ ដែលត្រូវបានចូលជាធរមានកាលពីថ្ងៃទី១ ខែកុម្ភ:កន្លងទៅ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក ត្រាំ បានសម្រេចពន្យារពេលយកពន្ធលើប្រទសកាណាដា រយ:ពេល ១ខែសិន បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាជុំវិញការរឹតបន្តឹងព្រំដែន និងបន្តពិភាក្សាស៊ីជម្រៅផ្សេងៗបន្ថែមទៀត៕