គិតត្រឹមចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាបានគ្របដណ្តប់លើភូមិចំនួន៩៩,១៥% កើនឡើង០,២៨% % ប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ ២០២៤ នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១២០។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គីសនីកម្ពុជា បានបង្ហាញនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តសម្រាប់ ឆ្នាំ២០២៥ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
របាយការណ៍ខាងលើបានឱ្យដឹងថា ការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពអគ្គិសនី អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍកើនឡើងពី ៤,៦៤៩ មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥,០៤៤មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៤។ ឯបរិមាណថាមពល ដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើ បានកើនឡើងពី ១៦,៨០៤លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៣ មក ១៩,៤១៩លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៤។
របាយការណ៍ដដែល បានបញ្ជាក់ថា «រហូតដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% គឺកើនឡើងចំនួន ០,២៨% បើប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ ២០២៤ នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១២០»។
បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា ផ្អែកតាមគម្រោងផែនការ ក្នុងឆ្នាំ២០២៥ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៥១ ភូមិទៀត។ ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០.៤៩% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំងតំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់ នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើយើងត្រូវអភិវឌ្ឍការផ្គត់ផ្គង់ពីប ណ្តាញជាតិទៅកាន់ទីនោះ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនដល់ ៣,៨៥៥,៨៨០ទីតាំង គឺកើនឡើងចំនួន ១៥០,៣៧៥ទីតាំង បើប្រៀបធៀបឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៤ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន ៣,៥៩៨,២៣៩ ស្មើ ៩៥,២៤%នៃលំនៅឋានសរុប។
សូមជម្រាបបន្ថែមថា ដើម្បីជម្រុញការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ២០២២-២០៣០ ដើម្បីធ្វើយ៉ាងណាឱ្យការកែប្រែនៃការប្រើប្រាស់ថាមពលនៅកម្ពុជាឱ្យក្លាយទៅជាការប្រើប្រាស់មួយ ប្រកបដោយប្រសិទ្ធភាព និងជួយសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ រស់រវើក និងមានការប្រកួតប្រជែងក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងន័យនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលក៏បានគូសបញ្ជាក់ថា អ្នកប្រើប្រាស់អគ្គីសនី ត្រូវតែគិតគូរលើសម្ភារៈឧប្បករណ៍អគ្គីសនី ដែលស៊ីភ្លើងច្រើន បែរមកស៊ីភ្លើងតិចវិញ ហើយរដ្ឋសភិបាលក៏បានបង្កើតស្តង់ដារ អគ្គិសនីនាពេលឆាប់ៗនេះផងដែរ៕