មហាសេដ្ឋី Elon Musk ចាយលុយផ្ទាល់ខ្លួនជិត ៣០០លានដុល្លារ ដើម្បីជួយលោក ត្រាំ ឈ្នះឆ្នោតអំឡុងខែវិច្ឆិកា

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេបំផុតលើលោក Elon Musk ត្រូវបានចាត់ទុកថាជាម្ចាស់ជំនួយដ៏ធំបំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ កន្លងទោ ដោយបានចំណាយទឹកប្រាក់ផ្ទល់ខ្លួនអស់ជិត ៣០០លានដុល្លារ ដើម្បីជួយលោក ដូណាល់ ត្រាំ ដើម្បីទទួលបានជ័យជម្នះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យទទួលបានពីគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាមេរិក (FEC) បង្ហាញកាលពីពេលថ្មីៗនេះថា មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និង Tesla បានបរិច្ចាគយ៉ាងហោចណាស់ ២៨៨លានដុល្លារដល់យុទ្ធនាការបោះឆ្នោតអាមេរិក ក្នុងអំឡុងខែវិច្ឆិកាកន្លងទៅ ដែលបានជួយឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ កាសែត Washington Post បានបង្ហាញឲ្យដឹងទៀតថា ការចំណាយផ្នែកនយោបាយដ៏សំខាន់របស់លោក Musk នេះ ហាក់បានជួយពង្រឹងឥទ្ធិពលរបស់លោក នៅក្នុងជួររដ្ឋាភិបាលរបស់ ត្រាំ បន្ថែមទៀត ជាពិសេសគឺការទទួលបានតំណែងដ៏សំខាន់នៅក្នុងអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាល។ ការបរិច្ចាគរបស់មហាសេដ្ឋីរូបនេះ ភាគច្រើនត្រូវបានបញ្ជូនតាមរយៈ American PAC ដែលជាមូលនិធិបង្កើតឡើងដើម្បីរៃអង្គាសប្រាក់សម្រាប់ ត្រាំ នៅក្នុងរដ្ឋសមរភូមិប្រកួតប្រជែងរកសន្លឹកឆ្នោត។

គួរឲ្យដឹងផងដែរថា America PAC មិនត្រឹមតែទទួលបានជំនួយពីលោក Musk តែម្នាក់ឯងប៉ុណ្ណោះទេ ស្របពេលសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla ដូចជាលោក Antonio Gracias រួមជាមួយសហស្ថាបនិកក្រុមហ៊ុនសូហ្វែ Palantir លោក Joe Lonsdale និងវិនិយោគិន លោក Shaun Maguire ក៏បានចូលរួមនៅក្នុងការបរិច្ចាគនេះផងដែរ។

យោងតាមកាសែត Washington Post បានបង្ហាញឲ្យដឹងទៀតថា ការវិនិយោគរបស់លោក Musk ក្នុងការបោះឆ្នោតឆ្នាំ២០២៤ កន្លងទៅនោះ បានជួយឲ្យលោកទទួលបានប្រាក់ចំណេញយ៉ាងច្រើនវិញផងដែរ ដោយទ្រព្យសម្បត្តិរបស់បានកើនឡើងដល់ប្រហែល ២០០ពាន់លានដុល្លារ ពោលគឺចាប់តាំងពីលោក ត្រាំ ត្រូវបានជាប់ឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ ខណ:ទ្រព្យសម្បត្តិនេះភាគច្រើន ទទួលបានដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Tesla ៕